ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអ៊ីតាលី នៅព្រឹកថ្ងៃទី១៣ ខែមេសា ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានចូលរួមក្នុងសិក្ខាសាលាគោលនយោបាយជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-អ៊ីតាលី។
ថ្លែងនៅក្នុងសិក្ខាសាលានេះ លោកប្រធានរដ្ឋសភាត្រិន ថាញ់មិន បានឲ្យដឹងថា ប្រទេសអ៊ីតាលីគឺជាដៃគូមួយក្នុងចំណោមដៃគូឈានមុខគេរបស់វៀតណាមនៅអឺរ៉ុប។ ផ្ទុយទៅវិញ វៀតណាមគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចស្វាហាប់ និងកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាមួយនឹងបរិយាកាសវិនិយោគកាន់តែប្រសើរឡើង កម្លាំងពលកម្មវ័យក្មេង ទីផ្សារធំទូលាយ និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។ ទាំងនេះគឺជាលក្ខខណ្ឌអំណោយផលសម្រាប់ភាគីទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបំពេញបន្ថែមគ្នាទៅវិញទៅមកដើម្បីរួមគ្នាអភិវឌ្ឍន៍។
រហូតមកដល់បច្ចុប្បន្ន វិនិយោគិនអ៊ីតាលីបានវិនិយោគលើគម្រោងចំនួន ១៦៧ នៅវៀតណាម ជាមួយនឹងដើមទុនវិនិយោគចុះបញ្ជីសរុបជាង ៦៣៣ លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់លេខ ៣១ ក្នុងចំណោមប្រទេស និងតំបន់ដែនដីចំនួន ១៥៤ ដែលវិនិយោគនៅវៀតណាម។ ទោះបីជាទំហំនៃកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរនៅតែមានកម្រិតមធ្យមក៏ដោយ ប៉ុន្តែសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការគឺធំធេងណាស់។ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានស្នើឱ្យពង្រឹងទំនាក់ទំនងរវាងសហគ្រាសនៃប្រទេសទាំងពីរ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យមឱ្យចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃសកល ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការនវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលផងដែរ។
នៅក្នុងសិក្ខាសាលានេះ តំណាងមកពីសហគ្រាស អង្គការ និងសមាគមនៃប្រទេសទាំងពីរបានផ្លាស់ប្តូរទស្សនៈ ចែករំលែកបទពិសោធន៍ និងស្នើដំណោះស្រាយជាក់ស្តែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងដំណាក់កាលថ្មី៕
