យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (កូរ៉េខាងត្បូង) កាលពីថ្ងៃទី ២៦ ខែមករា ការិយាល័យរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់លោកប្រធានាធិបតី Yoon Suk Yeol ពីបទញុះញង់ឱ្យមានការបះបោរទាក់ទងនឹងការចេញច្បាប់អាជ្ញាសឹកកាល ពីខែមុន។ ជាមួយនឹងការសម្រេចចិត្តនេះ លោក Yoon Suk Yeol បានក្លាយជាប្រធានា ធិបតីកំពុងកាន់អំណាចដំបូងគេក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូងដែលត្រូវបានចោទប្រកាន់ ខណៈដែលកំពុងជាប់ឃុំជាបណ្ដោះអាសន្ន។ ការសម្រេចចិត្តចោទប្រកាន់ ត្រូវបានធ្វើឡើងត្រឹមតែមួយថ្ងៃមុនពេលបញ្ចប់ការឃុំខ្លួនលោក Yoon Suk Yeol ជាបណ្ដោះអាសន្ន។
មុននោះ កាលពីថ្ងៃទី ១៥ ខែមករា ការិយាល័យស៊ើបអង្កេតអំពើពុករលួយនៃមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង (CIO) បានស្នើសុំ ដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដោយការប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី ៣ ខែធ្នូឆ្នាំមុន ប៉ុន្តែរហូតដល់ថ្ងៃទី ១៩ ខែមករា ទើបចាប់ខ្លួនមេដឹកនាំកូរ៉េ ខាងត្បូងជាផ្លូវការ។ ដោយសារតែ CIO មិនមានសមត្ថកិច្ចផ្លូវច្បាប់ដើម្បីចោទប្រកាន់ ប្រធានាធិបតី ទីភ្នាក់ងារនេះបានបញ្ជូនសំណុំរឿងនេះទៅការិយាល័យរដ្ឋអាជ្ញាកាល ពីសប្តាហ៍មុន៕
