នៅក្នុងសុន្ទរកថាដំបូងបន្ទាប់ពីឡើងកាន់តំណែង លោក Trump បានសង្កត់ធ្ងន់ថា យុគសម័យមាសរបស់អាមេរិកបានចាប់ផ្តើមជាផ្លូវការហើយ៖ “ចាប់ពីថ្ងៃនេះតទៅ ប្រទេសយើងនឹងរីកចម្រើននិងទទួលបានការគោរពម្តងទៀតនៅទូទាំងពិភពលោក។ អាមេរិកនឹងក្លាយជាទីច្រណែនរបស់ប្រទេសទាំងអស់ ហើយយើងនឹងលែងត្រូវបានគេយកចំណេញទៀតហើយ។ រៀងរាល់ថ្ងៃនៃរដ្ឋបាល Trump ខ្ញុំនឹងដាក់អាមេរិកជាអាទិភាពចម្បងបង្អស់។ យើងនឹងដណ្ដើមយកអធិបតេយ្យភាពនិងស្ដារសុវត្ថិភាពរបស់អាមេរិកឡើងវិញ។ ជញ្ជីងច្បាប់នឹងមានតុល្យភាពឡើងវិញ។ អាទិភាពកំពូលរបស់យើងគឺការកសាងប្រទេសដ៏មានមោទនភាព វិបុលភាព និងសេរីភាព។ អាមេរិកនឹងកាន់តែរឹងមាំ កាន់តែខ្លាំងក្លា និងពិសេសជាងពេលណាៗទាំងអស់”។

លោកប្រធានាធិបតី Trump ស្បថចូលកាន់តំណែង។ រូបថត៖ រ៉យទ័រ

បន្ទាប់ពីបានស្បថចូលកាន់តំណែង និងក្លាយជាប្រធានាធិបតីទី ៤៧ នៃសហរដ្ឋអាមេរិកជាផ្លូវការ លោក Donald Trump បានចុះហត្ថលេខាលើក្រឹត្យនិតិប្រតិបត្តិចំនួនជិត ១០០ ទាក់ទងនឹងវិស័យជាច្រើន ដោយអនុវត្តន៍ការសន្យាក្នុងយុទ្ធនាការឃោសនាការបោះឆ្នោតរបស់ខ្លួន។ ក្នុងនោះ រួមទាំងការពន្យាពេលប្រតិបត្តិការនៃបណ្តាញសង្គម Tik Tok នៅសហរដ្ឋអាមេរិក ដើម្បីជួយសម្រួលដល់ក្រុមហ៊ុនមេ ByteDance ដកទុនចេញពីកម្មវិធីនេះ; ចុះហត្ថលេខាលើក្រឹត្យនិតិប្រតិបត្តិ ដោយវាយពន្ធ ២៥% លើផលិតផលទាំងអស់ដែលបាននាំចេញទៅកាន់ទីផ្សារអាមេរិកពីប្រទេសកាណាដានិងម៉ិកស៊ិក និងដាក់ពន្ធនាំចូល ចំនួន ១០% បន្ថែមទៀតលើទំនិញនាំចូលពីប្រទេសចិន; ទទួលស្គាល់តែភេទចំនួនពីរគឺ ប្រុស និងស្រី; បញ្ឈប់គោលការណ៍អនុគ្រោះសម្រាប់រថយន្តអគ្គិសនី។

សេតវិមាននាថ្ងៃដដែលបានឲ្យដឹងថា ប្រធានាធិបតី Donald Trump នឹងដកអាមេរិកពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសម្តងទៀត ដោយនាំប្រទេសបញ្ចេញឧស្ម័នដ៏ធំបំផុតរបស់ពិភពលោកចេញពីកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាលើកទីពីរក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅ៕