ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន ទទួលស្វាគមន៍ប្រធានរដ្ឋសភាហុងគ្រី លោក Kover Laszlo ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (រូបថត៖ Le Tuyet/VOV)

នារសៀលថ្ងៃទី២០ ខែតុលា នៅវិមានរដ្ឋសភា ក្នុងកិច្ចពិភាក្សាបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិននិងប្រធានរដ្ឋសភាហុងគ្រី Kover Laszlo បានឯកភាពបន្តបង្កើនទំនាក់ទំនង និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់ តាមរយៈគ្រប់បណ្តាញរបស់បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងរវាងប្រជាជននិងប្រជាជន...។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសភាជាតិទាំងពីរក្នុងទំនាក់ទំនងទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋសភា គណៈកម្មាធិការជំនាញ និងក្រុមសមាជិកសភាមិត្តភាព ដើម្បីផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងវិស័យសភា។

ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន ជួបពិភាក្សាជាមួយប្រធានរដ្ឋសភាហុងគ្រី លោក Kover Laszlo (រូបថត៖ Doan Tan/TTXVN)

នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានអះអាងនូវសារៈសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។

បន្ទាប់ពីកិច្ចពិភាក្សា ប្រធានរដ្ឋសភាហុងគ្រី លោក Kover Laszlo និងគណៈប្រតិភូបានចូលរួមសម័យប្រជុំលើកទី១០ នៃរដ្ឋសភានីតិកាលទី១៥។ នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន បានរៀបចំពិធីជប់លៀង ជូនចំពោះប្រធានរដ្ឋសភាហុងគ្រីនិងគណៈប្រតិភូ៕