ប្រធានរដ្ឋ លោក លឿង គឿង (រូបថត៖ VOV) |
និទាឃរដូវថ្មី - និទាឃរដូវឆ្នាំម្សាញ់ សប្តស័កបានឈានមកដល់ហើយ ដែលនាំមកនូវសេចក្តីរីករាយ សេចក្តីសង្ឃឹមនិងសុបិន្តល្អៗ។ ក្នុងឱកាសដ៏វិសេសវិសាលនៃឆ្នាំថ្មីនេះ តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ខ្ញុំសូមផ្ញើជូនជនរួមជាតិ សមមិត្ត និងយុទ្ធជនទូទាំងប្រទេស និងបងប្អូនជនរួមជាតិវៀតណាមនៅក្រៅប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឲ្យជួបតែសេចក្តីសុខចម្រុងចម្រើន។ ខ្ញុំក៏សូមផ្ញើជូនចំពោះមិត្តភ័ក្តិ និងប្រជាជននៃបណ្តាប្រទេសនានាជុំវិញពិភពលោក សូមជូនពរឆ្នាំថ្មីប្រកបដោយសន្តិភាព សុភមង្គល មិត្តភាព និងការអភិវឌ្ឍ។
កាលពីឆ្នាំកន្លងមក យើងបានជួបប្រទះ "រលកធំៗ និងខ្យល់បោកបក់ខ្លាំង" ជាច្រើន ប៉ុន្តែក៏ជាឆ្នាំសម្រេចបានសមិទ្ធិផលគួរជាទីមោទនៈច្រើនផងដែរ។ ក្នុងការលំបាកនិងបញ្ហាប្រឈមនានា ស្មារតីនៃសាមគ្គីភាព មនុស្សធម៌ ស្នេហាជាតិ និងឆន្ទៈក្នុងការស្ទុះឈានទៅមុខរបស់ប្រទេសជាតិយើង ត្រូវបានបញ្ជាក់យ៉ាងរឹងមាំថែមទៀត។ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលបានខិតខំសម្រេចបាន និងលើសពីគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទាំង ១៥/១៥ ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចក្នុងចំណោមប្រទេសកំពូលលើពិភពលោក; ជីវភាពរស់នៅទាំងខាងសម្ភារៈនិងខាងស្មារតីរបស់ប្រជាជនត្រូវបានលើកកម្ពស់និងកែលម្អឥតឈប់ឈរ; នយោបាយ-សង្គមមានស្ថិរភាព ការពារជាតិ និងសន្តិសុខត្រូវបានពង្រឹង កិច្ចការបរទេសបើកទូលាយហើយទទួលបានការគោរព និងវាយតម្លៃខ្ពស់ពីមិត្តអន្តរជាតិ។ ប្រជាពលរដ្ឋវៀតណាមគ្រប់រូប មិនថាក្នុងប្រទេស ឬក្រៅប្រទេស ពីកម្មករ កសិករ ពាណិជ្ជករ បញ្ញវន្ត ដល់យុទ្ធជននៅតាមព្រំដែន និងកោះសមុទ្រឆ្ងាយដាច់ស្រយាល មានសិទ្ធិមានមោទនភាពចំពោះការរួមចំណែកចំពោះសមិទ្ធិផលរួមរបស់មាតុភូមិ។
ឆ្នាំ ២០២៥ គឺជាឆ្នាំដែលពោរពេញទៅដោយព្រឹត្តិការណ៍សំខាន់ៗ សម្រាប់ប្រទេសជាតិ ជាឆ្នាំ “ពន្លឿនល្បឿន ស្ទុះផ្លោះ” បង្កើតមូលដ្ឋានគ្រឹះដើម្បីនាំប្រទេសជាតិឆ្ពោះទៅកាន់យុគសម័យថ្មី ដែលជាយុគសម័យអភិវឌ្ឍន៍ប្រកបដោយបរិបូរណ៍ និងវិបុលភាព; ឆន្ទៈរបស់បក្ស រួមបញ្ចូលជាមួយឆន្ទៈប្រជាជនឆ្ពោះទៅរកគោលដៅជាតិរុងរឿង។ ទោះបីជានៅមានការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ ក៏វៀតណាមនឹងបន្តទៅមុខជានិច្ច គ្មានអ្វីអាចរារាំងសេចក្តីប្រាថ្នាស្ទុះឈានទៅមុខ និងអនាគតដ៏ភ្លឺថ្លារបស់ប្រទេសជាតិយើងបានឡើយ។ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលបន្តស្រុះចិត្តគំនិត លើកកំពស់ស្មារតីជឿជាក់លើខ្លួនឯង ខ្លួនទីពឹងខ្លួន មោទនភាពជាតិ ឆ្លៀតយករាល់ឱកាស និងជម្នះរាល់ការលំបាក បញ្ហាប្រឈមនានា ដើម្បីកសាងវៀតណាមក្លាយជាអ្នកមាន ប្រទេសខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌និងអរិយធម៌; ប្រជាជនទាំងអស់មានជីវភាពសម្បូររុងរឿង មានសេរីភាព និងសុភមង្គល។ រួមចំណែកកាន់តែខ្លាំងឡើងចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
ក្នុងបរិយាកាសដី និងមេឃប្រសព្វគ្នា ស្វាគមន៍និទាឃរដូវថ្មីជាថ្មីម្តងទៀត ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិ សមមិត្តទូទាំងប្រទេស និងជនរួមជាតិនៅក្រៅប្រទេសជួបតែសេចក្តីសុខ សេចចម្រុងចម្រើន។ ឆ្នាំថ្មីពិតជានឹងនាំមកនូវជ័យជំនះថ្មីៗយ៉ាងត្រចេះត្រចង់ជាច្រើន។
សូមគោរពជម្រាបលា!

