មុនពេលបោកបក់ចូលរដ្ឋ Florida ព្យុះ Milton បានឈានដល់កម្រិត ៥ ចំនួនពីរដង។ ទោះជាយ៉ាងណាក៏ដោយ យោងទៅតាម NHC នៅពេលបោកបក់ចូលដីគោក ព្យុះ Milton ត្រូវបានបន្ទាបមកនៅកម្រិត ៣ ហើយរយៈពេល ៣ម៉ោងក្រោយមក ត្រូវបានបន្ទាបទៅកម្រិត ២លើមាត្រដ្ឋាន ៥កម្រិតរបស់អាមេរិក។ នៅពេលបោកបក់ចូលទីក្រុង Siesta Key ព្យុះសង្ឃរា Milton មានល្បឿនខ្យល់ជាអតិបរមារហូតដល់ ១៩៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបានថយចុះជាបណ្តើរៗមកត្រឹម ១៦៤ គីឡូម៉ែត្រក្នុងមួយម៉ោង។
ទោះជាយ៉ាងណាក៏ដោយ NHC បានព្រមានថា អ្វីដែលគ្រោះថ្នាក់បំផុតនោះគឺថាព្យុះ Milton កំពុងបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង "ម្តងក្នុងមួយពាន់ឆ្នាំ" នៅក្នុងតំបន់ជាច្រើនក្នុងរដ្ឋ Florida ។ នៅទីក្រុង St.Petersburg រដ្ឋ Florida ទឹកភ្លៀងបានឡើងដល់កម្រិត ៤៥០មីលីម៉ែត្រ។ កន្លែងមួយចំនួនទៀតក៏បានកត់ត្រាទឹកភ្លៀងឡើងដល់កម្រិត ៣០០-៤០០ មីលីម៉ែត្រ ដែលស្មើនឹងបរិមាណទឹកភ្លៀងក្នុងរយៈពេលពីរបីខែអញ្ចឹង។ ភ្លៀងធ្លាក់ខ្លាំងនិងខ្យល់កន្ត្រាក់ក៏បណ្តាលឱ្យដាច់ចរន្តអគ្គិសនីផងដែរ ។
ព្យុះ Milton គឺជាព្យុះត្រូពិចទី៣ ដែលបោកបក់លើរដ្ឋ Florida របស់សហរដ្ឋអាមេរិកក្នុងឆ្នាំនេះ។ តាមការព្យាករណ៍ បន្ទាប់ពីចុះខ្សោយនៅតំបន់អាត្លង់ទិកខាងលិច ព្យុះ Milton នៅតែបង្កជារលកសមុទ្រធំៗដ៏គ្រោះថ្នាក់។ នៅលើសមុទ្រ ខ្យល់ព្យុះបានបង្កឲ្យមានរលកខ្ពស់ សហូតដល់៨.៥ ម៉ែត្រ មុននឹងបោកបក់ចូលដីគោក៕
