លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ អញ្ជើញជួបពិភាក្សាជាមួយលោកប្រធានាធិបតីសាធារណរដ្ឋអាហ្វ្រិកខាងត្បូង Cyril Ramaphosa (រូបថត៖ VOV) |
ដោយវាយតម្លៃពីការវិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីក្នុងវិស័យជាច្រើន លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រទេសទាំងពីរមានចំណុចខ្លាំងដែលអាចបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកសម្រាប់ការអភិវឌ្ឍរួមគ្នា ដូចជា៖ ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចច្នៃប្រឌិត ថាមពលកកើតឡើងវិញ ទំនាក់ទំនង និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអាហ្វ្រិកខាងត្បូងគាំទ្រវៀតណាមក្នុងការចាប់ផ្តើមការចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិងសហភាពគយអាហ្វ្រិកខាងត្បូង (SACU)។ ដោយថ្លែងអំណរគុណដល់លោកប្រធានាធិបតី Cyril Ramaphosa ចំពោះការអញ្ជើញរបស់លោកឱ្យចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងឆ្នាំ ២០២៥ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានបញ្ជាក់ថា វៀតណាមបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមចំណែកយ៉ាងសកម្មចំពោះភាពជោគជ័យរួមនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ។
រីឯខ្លួនវិញ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានបញ្ជាក់ថា វៀតណាមគឺជាដៃគូដែលអាចទុកចិត្តបានរបស់អាហ្វ្រិកខាងត្បូង នៅក្នុងតំបន់អាស៊ី។ លោកបានវាយតម្លៃខ្ពស់ចំពោះគំរូអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និង គោលនយោបាយការបរទេសបើកចំហ សកម្ម និងមានទំនួលខុសត្រូវរបស់វៀតណាមចំពោះសហគមន៍អន្តរជាតិ។
យោងតាមកម្មវិធីដែលបានគ្រោងទុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានា ធិបតីអាហ្វ្រិកខាងត្បូងនឹងចូលរួមជាមួយលោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ នៅវេទិកាធុរកិច្ចវៀតណាម-អាហ្វ្រិកខាងត្បូង ដោយសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមនិងស្ថានទូតអាហ្វ្រិកខាងត្បូងប្រចាំនៅវៀតណាមសហការរៀបចំឡើង៕

