ថែរក្សាវប្បធម៌ប្រពៃណីតាមរយៈពិធីបុណ្យ “រដូវផ្កាជើងគោ​រីក”

(VOVWORLD) - ដោយប្រធានបទ “យុវជនជាមួយវប្បធម៌ប្រពៃណី” ពិធីបុណ្យ “រដូវផ្កាជើងគោរីក” បានប្រព្រឹត្តទៅនៅថ្ងៃទី ២៣ មីនា នៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិវៀតណាម (ស្រុក Son Tay ទីក្រុងហាណូយ)។  ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងសំដៅលើកតម្កើងតម្លៃប្រពៃណីរបស់បងប្អូនបណ្តាជនជាតិវៀតណាម ហើយទន្ទឹមនឹងនោះ ផ្សព្វផ្សាយសេចក្តីស្រឡាញ់ចំពោះវប្បធម៌ប្រជាប្រិយដល់សាធារណជន ជាពិសេសយុវជនជំនាន់ក្រោយ។

ដោយមានការចូលរួមពីសិប្បករនិងតារាសម្ដែងជាច្រើនមកពីបណ្តាខេត្តនៅតំបន់ខ្ពង់រាប ពិធីបុណ្យនេះបង្ហាញឡើងវិញនូវសម្រស់ស្អាតនៃជីវភាពខាងវិញ្ញាណរបស់ប្រជាជនតាមរយៈបទចម្រៀងនិងរបាំនីមួយៗ។ របាំ xoe របាំឬស្សី និងរបាំឃែន រួមជាមួយនឹងបទភ្លេងប្រជាប្រិយដូចជាចម្រៀង Khap ថៃ ចម្រៀង then បានបង្កើតបរិយាកាសសិល្បៈដ៏រំជួលចិត្ត។ លោក Trieu Hong Cuong សិល្បករវ័យក្មេងនៃជនជាតិ Dao Quan Chet មកពីទីរួមស្រុក Ba Vi បានចូលរួមក្នុងការសម្តែង ហើយបាននិយាយថា៖ “យើងមកទីនេះ ទីមួយគឺស្រឡាញ់អត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន ទីពីរគឺដើម្បីផ្លាស់ប្តូរវប្បធម៌ជាមួយជនជាតិដទៃទៀតដើម្បីបង្កើតដំបូលផ្ទះរួម។ បច្ចុប្បន្ននេះ លក្ខណៈវប្បធម៌វិសេសវិសាលរបស់ជនជាតិបានសាបសូន្យទៅជាបណ្ដើរៗ ដូច្នេះហើយ ខ្ញុំចង់ផ្ញើរសារដកល់យុវវ័យថា ទោះបីទៅណាក៏ដោយ ត្រូវតែរក្សាឫសគល់។ បើជនជាតិនៅតែមាន អត្តសញ្ញាណនៅតែមាន បើជនជាតិរលាយទៅ អត្តសញ្ញាណក៏បាត់បងដែរ”។

ថែរក្សាវប្បធម៌ប្រពៃណីតាមរយៈពិធីបុណ្យ “រដូវផ្កាជើងគោ​រីក” - ảnh 1ចូលរួមពិធីបុណ្យនេះ មនុស្សម្នាអាចទទួលបទពិសោធន៍នូវវប្បធម៌ដ៏សម្បូរបែបនៃតំបន់ភាគពាយ័ព្យ។ រូបថត៖ ភូមិវប្បធម៌ជាតិនិងទេសចរណ៍បណ្តាជនជាតិវៀតណាម

មិនត្រឹមតែនាំមកនូវការសម្តែងសិល្បៈប្លែកៗប៉ុណ្ណោះទេ កម្មវិធីនេះក៏ជាការបញ្ជាក់ពីការខិតខំប្រឹងប្រែងថែរក្សានិងលើកតម្កើងតម្លៃវប្បធម៌ប្រជាប្រិយក្នុងជីវភាពសម័យទំនើបផងដែរ។ ពិធីបុណ្យ “រដូវផ្កាជើងគោរីក” សន្យាថានឹងក្លាយទៅកន្លែងណាត់ជួបវប្បធម៌ប្រចាំឆ្នាំ ជួយផ្សព្វផ្សាយភាពស្រស់ស្អាតនៃវប្បធម៌វៀតណាមដល់សាធារណជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ