នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមដោយជោគជ័យ
(VOVWORLD) - នាល្ងាចថ្ងៃទី២៨ ខែកុម្ភៈ នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោក Christopher Luxon បានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី ២ ចាប់ពីថ្ងៃទី ២៥-២៨ ខែកុម្ភៈ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងនាយករដ្ឋមន្ត្រី Christopher Luxon ពិនិត្យមើលកងពលកិត្តិយសកងទ័ពប្រជាជនវៀតណាម (រូបថត៖ VGP/Nhat Bac) |
អញ្ជើញចូលរួមវេទិកាអនាគតអាស៊ាននៅវៀតណាម នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon បានថ្លែងសុន្ទរកថា និងចូលរួមការពិភាក្សានៅក្នុងសម័យប្រជុំពេញអង្គជាន់ខ្ពស់។
បន្ទាប់មក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាយករដ្ឋមន្ត្រី លោក Christopher Luxon បានចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម, ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍ជាផ្លូវការ; ជួបពិភាក្សា; ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា ផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ចូលរួមពិធីជប់លៀងស្វាគមន៍នាយករដ្ឋមន្ត្រីនូវែលសេឡង់លោក Christopher Luxon។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការធ្វើឱ្យប្រសើរឡើងជាផ្លូវការ នូវទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គូសសញ្ញាព្រឹត្តិការណ៍ ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត។
ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រី លោក Christopher Luxon និងគណៈប្រតិភូជាន់ខ្ពស់នូវែលសេឡង់បានប្រព្រឹត្តទៅក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៥-២០២៥)។ លទ្ធផលជោគជ័យនៃដំណើរទស្សនកិច្ចនេះបានបង្ហាញពីការអភិវឌ្ឍគួរឲ្យកត់សម្គាល់ និងការជឿទុកចិត្តជាយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅរវាងប្រទេសទាំងពីរ បង្កើតក្របខ័ណ្ឌរឹងមាំដើម្បីនាំទំនាក់ទំនងទ្វេភាគីទៅកាន់ដំណាក់កាលអភិវឌ្ឍន៍ថ្មី៕