នាយករដ្ឋមន្រ្តី លោក ហ្វាម មិញជីញ៖ ធ្វើឱ្យស៊ីជម្រៅថែមទៀតក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យកសិកម្មរវាងវៀតណាមនិងបែលហ្ស៊ិក
(VOVWORLD) - នារសៀលថ្ងៃទី ១ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាលទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វាម មិញជីញ បានជួបសវនាការព្រះមហាក្សត្រនៃព្រះរាជាណាចក្របែលហ្ស៊ិក Philippe ។
នៅក្នុងជំនួបសវនាការនេះ លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ សង្ឃឹមថាដំណើរទស្សនកិច្ចនៅវៀតណាមរបស់ព្រះមហាក្សត្របែលហ្ស៊ិកលើកនេះនឹងទទួលបានលទ្ធផលជាក់ស្តែងជាច្រើនដែលរួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យកសិកម្មរវាងវៀតណាមនិងបែលហ្ស៊ិក ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ។
នាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វាម មិញជីញ បានជួបសវនាការ ព្រះមហាក្សត្របែលហ្ស៊ិក Philippe ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។ រូបថត៖ Duong Giang/VNA |
លោកនាយករដ្ឋមន្រ្តីសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនៅវៀតណាម ព្រះមហាក្សត្រនិងម្ចាស់ក្សត្រី នឹងទទួលនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើររបស់ប្រជាជននិងប្រទេសវៀតណាម - ប្រជាជាតិវៀតណាមប្រកបដោយមនុស្សធម៌ រួសរាយរាក់ទាក់ ពោពេញទៅដោយមនោសញ្ចេតនា; ជាពិសេសបានមើលឃើញការអភិវឌ្ឍរបស់វៀតណាមផងដែរ៖ “ខ្ញុំសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ និងម្ចាស់ក្សត្រី លើកនេះ ទទួលបានលទ្ធផលជាក់ស្ដែងជាច្រើន រួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យកសិកម្មរវាងវៀតណាម និងបែលហ្ស៊ិក ដែលបានបង្កើតឡើងនាឆ្នាំ២០១៨ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពដូចជា៖ អប់រំ បណ្ដុះបណ្ដាល វិទ្យាសាស្ត្រ នវានុវត្តន័ ការផ្លាស់ប្តូរឌីជីថល វប្បធម៌ សិល្បៈ ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ ។ នាំទំនាក់ទំនងរវាងប្រទេសទាំងពីរឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយមានទំនុកទុកចិត្តនយោបាយកាន់តែខ្ពស់ ការជួបប្រាស្រ័យប្រជាជនកាន់តែស៊ីជម្រៅ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចត្រូវបានជំរុញឲ្យកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាពថែមទៀត”។
ព្រះមហាក្សត្រ Philippe បានឲ្យដឹងថា បែលហ្ស៊ិកមានគម្រោងសហប្រតិបត្តិការជាច្រើនដែលកំពុងអនុវត្តនៅវៀតណាម គម្រោងលេចធ្លោមួយគឺសម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម។ នាពេលថ្មីៗនេះ សភាបែលហ្ស៊ិកបានអនុម័តលើសេចក្តីសម្រេចចិត្តមួយដើម្បីជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម។
ទិដ្ឋភាពនៃជំនួបសវនាការ។ រូបថត៖ Duong Giang/VNA |
អំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលជាសសរស្តម្ភសំខាន់មួយក្នុងទំនាក់ទំនងវៀតណាម-បែលហ្ស៊ិក ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម- EU (EVFTA) ប្រកបដោយប្រសិទ្ធភាព។ ព្រះមហាក្សត្របែលហ្ស៊ិកបានឲ្យដឹងថា ក្រុមហ៊ុនបែលហ្ស៊ិកនឹងជំរុញខ្លាំងការវិនិយោគនៅវៀតណាម ជាពិសេសលើវិស័យប្រៀបខ្លាំងរបស់បែលហ្ស៊ិក ដូចជាបច្ចេកវិទ្យាខ្ពស់ ថាមពលកកើតឡើងវិញ ការផ្លាស់ប្តូរឌីជីថល ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រជាដើម៕