ប្រកាសសេចក្តីសម្រេចរបស់ប្រធានរដ្ឋវៀតណាមស្តីពីការលើកលែងទោសឆ្នាំ២០២៥
(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែមីនា នៅទីក្រុងហាណូយ ខុទ្ទកាល័យប្រធានរដ្ឋវៀតណាម បានសម្របសម្រួលជាមួយក្រសួងនគរបាល ក្រសួងការបរទេស និងតុលាការ ប្រជាជនកំពូល រៀបចំសន្និសីទសារព័ត៌មានដើម្បីប្រកាសសេចក្តីសម្រេចលេខ ២៦៦ របស់ប្រធានរដ្ឋ ស្តីពីការលើកលែងទោសឆ្នាំ ២០២៥។
សន្និសីទសារព័ត៌មាន ប្រកាសសេចក្តីសម្រេចលេខ ២៦៦ របស់ប្រធានរដ្ឋ ស្តីពីការលើកលែងទោសឆ្នាំ ២០២៥។ (រូបថត៖ quochoi.vn) |
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Pham Thanh Ha អនុប្រធានខុទ្ទកាល័យ ប្រធានរដ្ឋ បានឲ្យដឹងថា ការលើកលែងទោសដោះលែងពីពន្ធនាគារមុនកាលកំណត់ សម្រាប់អ្នក ដែលរងការកាត់ទោសឲ្យជាប់ពន្ធនាគារមានរយៈពេល ឬដាក់ពន្ធនាគារ អស់មួយជីវិត ត្រូវបានអនុវត្តន៍ក្នុងឱកាសរំលឹកខួបលើកទី៥០ ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥)។ ចាប់តាំងពីឆ្នាំ ២០០៩ មក វៀតណាមបានអនុវត្តន៍ការលើកលែងទោសចំនួន ១០ លើក ក្នុងព្រឹត្តិ ការណ៍សំខាន់និងទិវាបុណ្យធំរបស់ប្រទេសជាតិ។ អ្នកទោសជិត ១០ ម៉ឺននាក់ ដែល មានដំណើរការកែប្រែខ្លួនឯង ធ្វើពលកម្ម និងសិក្សាល្អ បានវិលត្រឡប់ទៅសហគមន៍ វិញ។ លទ្ធផលនៃការលើកលែងទោសទាំងនេះបានធានានូវតម្រូវការខាងនយោបាយ ច្បាប់ និងកិច្ចការបរទេស ដែលទទួលបានការគាំទ្រពីប្រជាជនក្នុងប្រទេស និងការ វាយតម្លៃខ្ពស់ពីសាធារណៈមតិអន្តរជាតិ; បន្តអះអាងនូវគោលជំហរ គោល នយោបាយដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋវៀតណាម ក្នុងការលើកកម្ពស់ និងការពារសិទ្ធិ មនុស្សដោយសមភាព និងស្មើភាពសម្រាប់ប្រជាពលរដ្ឋទាំងអស់ រួមទាំងអ្នកជាប់ ពន្ធនាគារផងដែរ។
ក្នុងសន្និសីទសារព័ត៌មាន ឧត្តមសេនីយ៍ទោ Le Van Tuyen អនុរដ្ឋមន្ត្រីក្រសួង នគរបាលបានឲ្យដឹងថា៖“ការពង្រីកគោលនយោបាយសម្រាប់អ្នកដែលត្រូវបានលើកលែងទោសក្នុងឆ្នាំនេះ គឺការអនុវត្តគោលនយោបាយសណ្ដោសប្រណីរបស់រដ្ឋ ប៉ុន្តែក៏ជាការទទួលស្គាល់នូវ លទ្ធផលនៃការកែប្រែខ្លួនឯង និងការអប់រំអ្នកទោស នៅក្នុងជំរុំអប់រំរបស់កម្លាំង នគរបាលប្រជាជនផងដែរ។ ចំណុចមួយទៀតដែលរដ្ឋបានពិចារណាគឺ ផ្អែកលើ លទ្ធផលនៃការលើកលែងទោសពីមុន អ្នកដែលត្រូវបានលើកលែងទោសបាន គោរពតាមគោលជំហរ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ ហើយអត្រានៃ ការប្រព្រឹត្តល្មើសគឺទាបណាស់។ នេះក៏ជាអាទិភាពមួយ ដែលវៀតណាមបានពង្រីក នៅឆ្នាំនេះ ដើម្បីលើកទឹកចិត្តអ្នកទោសឱ្យបន្តមានឥរិយាបទល្អក្នុងអំឡុងពេលជាប់ ពន្ធនាគារ ដើម្បីអាចទទួលបានគោលនយោបាយសណ្ដោសប្រណីរបស់បក្ស និងរដ្ឋ”៕