បារាំង​បាន​​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន​ប្រើ​​មីស៊ីល​​រយៈ​ចម្ងាយ​ឆ្ងាយ​ដើម្បី​វាយប្រហារ​លើ​ដែន​ដី​រុស្ស៊ី

(VOVWORLD) - ក្នុងបទសម្ភាសន៍ជាមួយកាសែត BBC របស់អង់គ្លេសកាលពីថ្ងៃទី ២៣ វិច្ឆិកា រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot បានបញ្ជាក់ថា បារាំងបានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលជាជំនួយរបស់បារាំង ដើម្បីវាយប្រហារចូលទៅជ្រៅក្នុងដែនដីសហព័ន្ធរុស្ស៊ី។

ជាមួយនឹងការសម្រេចចិត្តនេះ បារាំងគឺជាប្រទេសលោកខាងលិចទីបី បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលអនុញ្ញាតឱ្យកងទ័ពអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្តល់ដោយប្រទេសទាំងនេះ ដើម្បីវាយឆ្មក់ចូលទៅជ្រៅក្នុងដែនរុស្ស៊ី ជំនួសឱ្យការកំណត់នៅក្នុងដែនដីអ៊ុយក្រែនដែលមានជម្លោះដូចពីមុន។ មីស៊ីល Scalp ដែលបារាំងផ្តល់ឲ្យអ៊ុយក្រែន មានសមត្ថភាពស្រដៀងនឹងមីស៊ីល Storm Shadow របស់អង់គ្លេស និងមានរយៈចម្ងាយអតិបរមាជាង ៥០០គីឡូម៉ែត្រ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសបារាំង មិនបានបញ្ជាក់ថា តើអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលនេះ ឬអត់នោះទេ។

បារាំង​បាន​​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន​ប្រើ​​មីស៊ីល​​រយៈ​ចម្ងាយ​ឆ្ងាយ​ដើម្បី​វាយប្រហារ​លើ​ដែន​ដី​រុស្ស៊ី - ảnh 1មីស៊ីល Scalp ដែលបារាំងផ្តល់ឲ្យអ៊ុយក្រែន ។ រូបថត៖ AFP

ក្រៅពីបញ្ជាក់ពីការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្ដល់ដោយប្រទេសបារាំងដើម្បីវាយឆ្មក់លើដែនដីរុស្ស៊ី រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot ក៏បានអំពាវនាវឱ្យលោកខាងលិចមិនកំណត់ "បន្ទាត់ក្រហម" ក្នុងបញ្ហាជំនួយដល់អ៊ុយក្រែន ហើយបានសង្កត់ធ្ងន់ថា បារាំងនឹងមិនបោះបង់ជម្រើសណាមួយក្នុងការគាំទ្រអ៊ុយក្រែននោះទេ ហើយនឹងរក្សាទស្សនៈ "បើកចំហ" ក្នុងការទទួលយកអ៊ុយក្រែនចូលជាសមាជិកប្លុកយោធានៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ