ពង្រឹងក្របខ័ណ្ឌនិងយន្តការនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ប៉ូឡូញ
(VOVWORLD) - នាព្រឹកថ្ងៃទី២៤ ខែមីនា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Hoang Xuan Chien បានជួបពិភាក្សាការងារជាមួយលោក Pawel Bejda អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋប៉ូឡូញ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះលទ្ធផលវិជ្ជមានដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ប៉ូឡូញ ដោយផ្អែកលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិទ្វេភាគី (ចុះហត្ថលេខាក្នុងឆ្នាំ ២០១០) ជាពិសេសលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; ការបណ្តុះបណ្តាល; ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; ឧស្សាហ៍កម្មការពារជាតិ។ ឧត្តមសេនីយឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ក្រសួងការពារជាតិវៀតណាមត្រៀមខ្លួនជាស្រេចទទួលទាហានប៉ូឡូញមកសិក្សាភាសាវៀតណាមនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រយោធា និងចូលរួមវគ្គបណ្តុះបណ្តាលអន្តរជាតិនៅបណ្ឌិតសភាការពារជាតិ។
អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Hoang Xuan Chien បានស្វាគមន៍អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋប៉ូឡូញ លោក Pawel Bejda។ រូបថត៖ An Dang/VNA |
អនុរដ្ឋមន្ត្រី Hoang Xuan Chien បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរផ្តោតលើការសុក្រឹត្យនិងបំពេញបន្ថែមនូវក្របខ័ណ្ឌនិងយន្តការសហប្រតិបត្តិការការពារជាតិទ្វេភាគី; បន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ដើម្បីបង្កើនការយល់ដឹង ជំនឿទុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ស្របតាមទំនាក់ទំនងវៀតណាម-ប៉ូឡូញទាំងមូល និងពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល; រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; ឧស្សាហកម្មការពារជាតិ; ពេទ្យយោធា; និងការជួបប្រាស្រ័យរវាងយុទ្ធជនវ័យក្មេង។ អនុរដ្ឋមន្ត្រី Hoang Xuan Chien ក៏បានស្នើឱ្យប៉ូឡូញបន្តគាំទ្រសកម្មភាពសហប្រតិបត្តិការរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) លើវិស័យការពារជាតិ ស្របតាមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងវៀតណាម និង EU ហើយសង្ឃឹមថា សាធារណរដ្ឋប៉ូឡូញនឹងបញ្ចេញសំលេងគាំទ្រដើម្បី EU ដកកាតលឿងលើជលផលវៀតណាមឱ្យបានឆាប់ៗ។
អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Hoang Xuan Chien បានជួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋប៉ូឡូញ លោក Pawel Bejda។ រូបថត៖ An Dang/VNA |
រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ លោក Pawel Bejda បានអះអាងថា វៀតណាមជាដៃគូសំខាន់របស់ប៉ូឡូញក្នុងតំបន់អាស៊ីអាគ្នេយ៍; មានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមមិនត្រឹមតែលើវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងលើវិស័យការពារជាតិ ជាពិសេសឧស្សាហកម្មការពារជាតិ ការបណ្តុះបណ្តាលនិងការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
នាព្រឹកថ្ងៃទី២៤ ខែមីនា នៅទីស្នាក់ការក្រសួងការពារជាតិ (ទីក្រុងហាណូយ) រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ Phan Van Giang បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិប៉ូឡូញ ដឹកនាំដោយអនុរដ្ឋមន្ត្រី Pawel Bejda៕