ពិធីប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋដល់នាយទាហានទៅបំពេញបេសកកម្មរក្សាសន្តិភាព
(VOVWORLD) - នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសបានរៀបចំពិធីប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋ ជូនដល់នាយទាហានទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងបេសកកម្មហ្វឺកហ្វឺនរបស់សហភាពអឺរ៉ុប។
អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Hoang Xuan Chien អញ្ជើញប្រគល់សេចក្តីសម្រេចដល់នាយទាហាន (រូបថត៖ Trong Duc/TTXVN) |
នាយទាហានដែលនឹងចេញទៅបំពេញបេសកកម្មនេះរួមមានៈ លោកវរសេនីយ៍ទោ Le Minh Thao ដែលនឹងទទួលតំណែងជាអ្នកសង្កេតការណ៍យោធានៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS); លោកស្រីវរៈសេនីយ៍ត្រី Le Thi Phuong Dung និងអនុសេនីយ៍ឯកបំរុង Pham Duc Tho បានចូលកាន់តំណែងជាអ្នកសង្កេតការណ៍យោធានៅបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅទីក្រុង Abyei (UNISFA); អនុសេនីយ៍ឯកបំរុង Nguyen Anh Tuan កាន់តំណែងជាអ្នកវិភាគចារកម្មនៅបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA); អនុសេនីយ៍ឯក Nguyen Thanh Hai ទៅបំពេញភារកិច្ចនៅបេសកកម្មបណ្តុះបណ្តាលសហភាពអឺរ៉ុបនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
អញ្ជើញប្រគល់ភារកិច្ចជូននាយទាហាន ៥ រូប ត្រៀមចេញដំណើរទៅបំពេញភារកិច្ច អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Hoang Xuan Chien បានស្នើឱ្យនាយទាហានទាំង៥ រូប ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយការបរទេស និងទស្សនៈរបស់បក្ស រដ្ឋ និងកងទ័ព។ គោរពយ៉ាងម៉ឺងម៉ាត់នូវវិន័យរបស់កងទ័ពប្រជាជនវៀតណាម បទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ ច្បាប់នៃប្រទេសម្ចាស់ផ្ទះ និងការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច និងនាយកដ្ឋានរក្សាសន្តិភាពវៀតណាម; ជានិច្ចកាលធានានូវឥរិយាបទយោធា ទន្ទឹមនឹងនោះ ផ្សព្វផ្សាយប្រពៃណីរបស់កងទ័ព កម្លាំងទ័ពមួកខៀវវៀតណាម រួមចំណែកផ្សព្វផ្សាយរូបភាពរបស់ប្រទេសជាតិ និងប្រជាជនវៀតណាម កងទ័ពប្រជាជនវៀតណាមលើឆាកអន្តរជាតិ៕