លោកនាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីការកសាងផ្លូវតភ្ជាប់អាកាសយានដ្ឋាន Gia Binh ជាមួយទីក្រុងហាណូយ

(VOVWORLD) - នារសៀលថ្ងៃទី២៣ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រសួងនិងតំបន់អំពីគម្រោងវិនិយោគ សាងសង់ព្រលានយន្តហោះ Gia Binh (មានទីតាំងនៅខេត្ត Bac Ninh) និងផ្លូវតភ្ជាប់អាកាសយានដ្ឋាន Gia Binh ជាមួយរដ្ឋធានីហាណូយ។

លោកនាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីការកសាងផ្លូវតភ្ជាប់អាកាសយានដ្ឋាន Gia Binh ជាមួយទីក្រុងហាណូយ - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិសន្និដ្ឋានក្នុងប្រជុំស្ដីពីវឌ្ឍនភាពនៃការអនុវត្តដំណាក់កាលទី១ និងស្រាវជ្រាវសម្រាប់ការអនុវត្តដំណាក់កាលទី២ នៃគម្រោងព្រលានយន្តហោះ Gia Binh (Bac Ninh)  (រូបថត៖ VGP/Nhat Bac)

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ តំបន់ដែលមានថាមពលខ្លាំងក្លានិងប៉ូលកំណើននៅតំបន់ដីសណ្ដទន្លេក្រហម មានតែអាកាសយានដ្ឋានធំតែមួយប៉ុណ្ណោះនៅទីក្រុងហាណូយ គឺអាកាសយានដ្ឋាន Noi Bai ហើយឥឡូវកំពុងលើសចំណុះ។ ដូច្នេះ តម្រូវការគឺត្រូវមានអាកាសយានដ្ឋានប្រើប្រាស់ពីរ បម្រើទាំងសន្តិសុខជាតិ ការពារជាតិផង និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង សំដៅកាត់បន្ថយបន្ទុកលើអាកាសយានដ្ឋាន Noi Bai។ លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា ចាំបាច់ត្រូវរៀបចំផែនការអាកាស យានដ្ឋាន Gia Binh ឱ្យស្របតាមស្តង់ដារអន្តរជាតិកម្រិត 4E និងត្រូវអនុវត្តដំណាក់កាលទី ២ នៃគម្រោងអាកាសយានដ្ឋាន Gia Binh ឱ្យបានឆាប់រហ័ស ខណៈដែលដំណាក់កាលទី ១ កំពុងសាងសង់ ជៀសវាងការខ្ជះខ្ជាយពេលវេលា កម្លាំង និងធនធាន។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យស្រាវជ្រាវខ្សែផ្លូវ និងផែនការតភ្ជាប់អាកាសយានដ្ឋាន Gia Binh ជាមួយរដ្ឋធានីហាណូយ ដែលនឹងត្រូវបង្ហើយក្នុងរយៈពេល ២ ឆ្នាំយ៉ាងយូរបំផុត។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសាងសង់តំបន់ឡូហ្គីស្ទិចនៅអាកាសយានដ្ឋាន Gia Binh ក្នុងទិសដៅទំនើប ឆ្លាតវៃ អភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) បង្កើនប្រសិទ្ធភាពនៃមូលនិធិដីនៅសងខាងផ្លូវ និងធានាបាននូវបរិស្ថានបៃតង ស្រស់ស្អាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ