វៀតណាមចាត់ទុករុស្ស៊ីជាដៃគូមួយក្នុងចំណោមដៃគូយុទ្ធសាស្ត្រនិងគួរឱ្យទុកចិត្តបំផុត
(VOVWORLD) - តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា។
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានធ្វើសន្និសីទសារព័ត៌មានមួយបន្ទាប់ពីបញ្ចប់ជំនួបពិភាក្សា។
(រូបថត៖VOV – Moscow) |
ក្នុងថ្ងៃធ្វើការដំបូងគឺថ្ងៃទី ២ ខែមេសា រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានជួបពិភាក្សានៅទីក្រុងម៉ូស្គូ។ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់តាមរយៈបណ្តាញបក្ស រដ្ឋ រដ្ឋសភា និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ; ពង្រីកនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ ថាមពល ការដឹកជញ្ជូន ឡូជីស្ទិក វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កសិកម្ម ជីវឱសថ វប្បធម៌ ទេសចរណ៍ អប់រំ និងបណ្តុះបណ្តាល ជាដើម។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលចាត់ទុករុស្ស៊ីជាដៃគូមួយក្នុងចំណោមដៃគូអាទិភាពសំខាន់ យុទ្ធសាស្ត្រ និងគួរឱ្យទុកចិត្តបំផុតក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានស្នើឱ្យរុស្ស៊ីបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅរុស្ស៊ីក្នុងការរស់នៅ សិក្សា និងធ្វើការប្រកបដោយស្ថិរភាព; ទន្ទឹមនឹងនោះ លោកបានស្នើឱ្យរុស្ស៊ីបន្តពិចារណាលើការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋវៀតណាមដែលកាន់លិខិតឆ្លងដែនធម្មតា ដើម្បីជំរុញការធ្វើដំណើរកំសាន្តទៅកាន់ប្រទេសរុស្ស៊ី។
រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Sergey Lavrov បានអះអាងថា វៀតណាមជាដៃគូអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕