សេចក្តីថ្លែងការណ៍រួមរវាងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រធានាធិបតីនៃសាធារណរដ្ឋដូមីនីកែន
(VOVWORLD) - ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញ ជីញ បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋដូមីនីកែន តបតាមការអញ្ជើញរបស់ប្រធានាធិបតី Luis Rodolfo Abinader Corona។
ដំណើរទស្សនកិច្ចនេះមានគោលបំណងរឹតបន្តឹងទំនាក់ទំនងការទូត ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ព្រមទាំងជំរុញឱកាសបង្កើនសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាង វៀតណាម និងដូមីនីកែន។ ក្នុងឱកាសនេះ ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងប្រធានាធិបតីនៃសាធារណរដ្ឋដូមីនីកែន លោក Luis Rodolfo Abinader Corona (រូបថត៖ VOV) |
សេចក្តីថ្លែងការណ៍រួមបានអះអាងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញនៅសាធារណៈរដ្ឋដូមីនីកែនគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋាភិបាលវៀតណាមទៅកាន់សាធារណៈរដ្ឋដូមីនីកែន បង្កើតសញ្ញាសម្គាល់ពិសេសក្នុងការពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ។
ប្រទេសទាំងពីរបានសង្កត់ធ្ងន់លើសក្តានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា៖ ពាណិជ្ជកម្ម ផលិតកម្ម វិនិយោគ កសិកម្ម ថាមពល ទូរគមនាគមន៍ ការផ្លាស់ប្តូរឌីជីថល សំណង់ ការអប់រំ និងបណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍។ ទន្ទឹមនឹងនោះ បានឯកភាពពង្រឹងពាណិជ្ជកម្មនិងជំរុញការវិនិយោគ តភ្ជាប់អាជីវកម្ម និងបង្កើតលក្ខខណ្ឌសម្រាប់ផលិតផលនាំចេញនាំចូលទីផ្សារគ្នាទៅវិញទៅមក ដោយចាត់ទុកថា នេះជាច្រកចូលទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍និងការរាបៀនផងដែរ។
ភាគីទាំងពីរចែករំលែកទស្សនៈវិស័យនៃទំនាក់ទំនងរបស់ប្រទេសនីមួយៗជាមួយបណ្តាប្រទេសអាមេរិកឡាទីន - ការាបៀន និងជាមួយតំបន់អាស៊ីអាគ្នេយ៍ អាស៊ី-ប៉ាស៊ីហ្វិក; បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ពហុភាគីនិយម និងតួនាទីកណ្តាលរបស់អង្គការសហប្រជាជាតិ ការគោរពច្បាប់អន្តរជាតិ ការពង្រីកកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគី ដែលប្រទេសទាំងពីរជាសមាជិកផងដែរ៕