អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ
(VOVWORLD) - កាលពីយប់ថ្ងៃទី ៤ មេសា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីទំនាក់ទំនងវៀតណាម-អាមេរិក។ អញ្ជើញចូលរួមកិច្ចសន្ទនាតាមទូរស័ព្ទមានលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ផងដែរ។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ (រូបថត៖ VNA) |
លោកអគ្គលេខាបក្ស តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរនេះ ដែលមេដឹកនាំទាំងពីរបានអះអាងនូវបំណងចង់បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ មេដឹកនាំទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ។
ទាក់ទិននឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី មេដឹកនាំទាំងពីរបានពិភាក្សាអំពីវិធានការបន្តជំរុញការដោះដូរពាណិជ្ជកម្ម ក្នុងនោះលោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការចរចាជាមួយអាមេរិក ដើម្បីកាត់បន្ថយពន្ធនាំចូលមកត្រឹម ០% សម្រាប់ទំនិញនាំចូលពីអាមេរិក ទន្ទឹមនឹងនោះបានស្នើឲ្យអាមេរិកអនុវត្តន៍អត្រាពន្ធស្រដៀងគ្នាចំពោះទំនិញនាំចូលពីវៀតណាមផងដែរ។ វៀតណាមបន្តនាំចូលទំនិញជាច្រើនពីសហរដ្ឋអាមេរិកដែលវៀតណាមមានតម្រូវការ ហើយលើកទឹកចិត្ត បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុនមកពីសហរដ្ឋអាមេរិកបង្កើនការវិនិយោគនៅវៀតណាម។ មេដឹកនាំទាំងពីរបានអះអាងថា នឹងពិភាក្សាគ្នាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំងពីរក្នុងពេលឆាប់ៗ ដើម្បីសម្រេចបាននូវការសន្យាខាងលើ។
ក្នុងឱកាសនេះដែរ លោកអគ្គលេខាបក្ស តូ ឡឹម បានគោរពអញ្ជើញលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកជំទាវមកបំពេញទស្សនកិច្ចនៅវៀតណាមម្តងទៀតក្នុងពេលឆាប់ៗនេះ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានរីករាយទទួលការអញ្ជើញ ហើយបានសម្តែងនូវបំណងចង់ជួបជាមួយលោកអគ្គលេខាបក្ស តូ ឡឹម ម្តងទៀតក្នុងពេលឆាប់ៗនេះ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ គោរពពឹងលោកអគ្គលេខាបក្សតូ ឡឹម ពាំនាំសេចក្ដីសួរសុខទុក្ខដ៏កក់ក្តៅជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម៕