ការទូត​ប្រជាជននៅឆ្នាំ ២០២៥ នឹងបន្តមានការ​ផ្លាស់​ប្តូរ​ថ្មី

(VOVWORLD) - នៅឆ្នាំ២០២៥ ការទូតប្រជាជននឹងបន្តលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការគាំទ្រកិច្ចការបរទេសរបស់បក្ស និងការទូតរបស់រដ្ឋ ជំរុញកិច្ចសហប្រតិបត្តិការជាមួយអង្គការប្រជាជននានារបស់ពិភពលោក ក្នុងទិសដៅនៃការផ្លាស់ប្តូរថ្មី និងកិច្ចសហប្រតិបត្តិការសំខាន់ៗ។ តាមនោះ ការពារផលប្រយោជន៍ជាតិ និងរួមចំណែកដល់ចលនាប្រជាជនពិភពលោកដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ កៀរគរធនធានខាងក្រៅ ដើម្បីបម្រើដល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ។

ស្ថានភាពពិភពលោក និងតំបន់កំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយការទូតប្រជាជនឆ្នាំ ២០២៥ បន្តលើកកម្ពស់តួនាទីត្រួសត្រាយផ្លូវក្នុងការរក្សាបរិយាកាសសន្តិភាពនិងស្ថិរភាព ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនោះ ជំរុញចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅក្រៅប្រទេស ឆ្ពោះទៅមាតុភូមិ ឆ្លៀតយកបញ្ញារបស់ប្រជាជនវៀតណាមនៅក្រៅប្រទេស ដើម្បីរួមចំណែកដល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិក្នុងដំណាក់កាលថ្មី។

លើកកម្ពស់នវានុវត្តន៍និងប្រសិទ្ធភាពក្នុងការងារការទូតប្រជាជន

ស្ថានភាពពិភពលោក និងតំបន់កំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលញាំងឱ្យមានការកែសម្រួលគោលនយោបាយកិច្ចការបរទេសនៅក្នុងប្រទេសជាច្រើន ដែលប៉ះពាល់ដល់ចលនាសង្គមនិងអង្គការមហាជនមួយចំនួន។ ក្រៅពីនេះ បដិវត្តន៍បច្ចេកវិទ្យា ៤.0 ក៏ជះឥទ្ធិពលយ៉ាងខ្លាំងដល់ការប្រមូលផ្តុំកម្លាំងនៃចលនានិងអង្គការមហាជននៅជុំវិញពិភពលោក។ ក្នុងពេលជាមួយគ្នានោះ បណ្តាញដៃគូនិងមិត្តភក្តិរបស់វៀតណាមក៏មានការផ្លាស់ប្តូរជាច្រើនផងដែរ។ ដូច្នេះ ការផ្លាសើប្តូរថ្មីគឺជាតម្រូវការដែលបានដាក់ចេញសម្រាប់កិច្ចការការទូតប្រជាជននាពេលខាងមុខ។

ការទូត​ប្រជាជននៅឆ្នាំ ២០២៥ នឹងបន្តមានការ​ផ្លាស់​ប្តូរ​ថ្មី - ảnh 1ទិដ្ឋភាពនៃសន្និសីទបូកសរុបការងារ ការទូតប្រជាជនឆ្នាំ២០២៤ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៥។ រូបថត៖ Phuong Hoa/TTXVN

ក្នុងសន្និសីទបូកសរុបការងារការទូតប្រជាជនឆ្នាំ ២០២៤ និងទិសដៅសកម្មភាពឆ្នាំ ២០២៥ ដែលប្រព្រឹត្តទៅនាថ្ងៃទី ៦ មករា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេស លោក Le Hoai Trung បានសង្កត់ធ្ងន់ថា អង្គការការទូតប្រជាជនចាំបាច់ត្រូវលើកកម្ពស់បាវចនា “សកម្ម បត់បែន ច្នៃប្រឌិត មានប្រសិទ្ធភាព” ដោយកំណត់ការផ្តោតសំខាន់នៃកិច្ចការបរទេសឲ្យបានសមស្របទៅនឹងដៃគូនិងវិស័យនីមួយៗ។ រួមជាមួយគ្នានោះ ត្រូវផ្លាស់ប្តូរថ្មីបន្ថែមទៀតនូវខ្លឹមសារនិងវិធីសាស្រ្តអនុវត្ត ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវសកម្មភាពកិច្ចការបរទេសនីមួយៗ៖

“តួនាទីនៃការទូតប្រជាជនត្រូវតែបន្តមានការយល់ដឹងកាន់តែស៊ីជម្រៅ។ ពោលគឺការទូតប្រជាជនដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតមូលដ្ឋានគ្រឹះសង្គមក្នុងទំនាក់ទំនងរបស់វៀតណាមជាមួយប្រទេសផ្សេងៗ។ នាពេលខាងមុខ ត្រូវបន្តផ្លាស់ប្តូរថ្មីការយល់ដឹង កសាងយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍ទំនាក់ទំនងការទូតប្រជាជន លើកកំពស់ការទូតពហុភាគី និងបំពេញល្អការងារជនវៀតណាមនៅបរទេស”។

សារព័ត៌មានកិច្ចការបរទេសគឺជាបណ្តាញការទូតប្រជាជនប្រកបដោយប្រសិទ្ធភាព តួនាទីរបស់សារព័ត៌មានបន្តត្រូវបានពង្រីក សំដៅលើកកំពស់ការផ្សព្វផ្សាយទស្សនៈរបស់វៀតណាមស្តីពីសន្តិភាពនិងការអភិវឌ្ឍ ក៏ដូចជាគោលដៅ ការតម្រង់ទិស និងគោលនយោបាយអភិវឌ្ឍន៍របស់វៀតណាម ដល់មិត្តភក្តិអន្តរជាតិ។ ក្នុងពិធីប្រគល់ពានរង្វាន់ជាតិសម្រាប់ព័ត៌មានកិច្ចការបរទេសលើកទី១០ (ខែធ្នូ ឆ្នាំ២០២៤) លោក Nguyen Trong Nghia ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម មានប្រសាសន៍ថា៖

“តាមរយៈស្នាដៃសារព័ត៌មាន ពិភពលោកមិនត្រឹមតែមើលឃើញពីសមិទ្ធិផលរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ អប់រំ និងសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងមើលឃើញនូវសេចក្តីប្រាថ្នាស្ទុះឈានទៅមុខរបស់ប្រជាជនវៀតណាមទាំងមូលទៀតផង។ ទាំងអស់នេះ បានបង្កើតឡើងផ្ទាំងរូបភាពដ៏ទូលំទូលាយ ពហុវិមាត្រ ចម្រុះពណ៌ និងភ្លឺស្វាងនៃប្រទេសជាតិ និងប្រជាជនវៀតណាម ដែលជាប្រទេសវៀតណាមដ៏ភ្លឺត្រចះត្រចង់”។

ឆ្នាំ ២០២៥ - ពេលវេលាសម្រាប់ការទូតប្រជាជន រួមចំណែកដល់ការផ្លាស់ប្តូររបស់ប្រទេសជាតិ

ឆ្នាំ ២០២៥ គឺជាឆ្នាំដែលវៀតណាមបានរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើនដូចជា៖ ខួបលើកទី ៩៥ នៃការបង្កើតបក្សកម្មុយនិស្តវៀតណាម ខួប ៥០ ឆ្នាំនៃការរំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ ខួបលើកទី ១៣៥ ថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ ខួប ៨០ ឆ្នាំនៃការបង្កើតប្រទេសជាតិ មហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤ ជាមួយយុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។ សកម្មភាពជួបប្រាស្រ័យ និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់រវាងវៀតណាមនិងប្រទេសផ្សេងៗ ដំណើរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទៅកាន់បណ្តាប្រទេស ការចូលរួមរបស់វៀតណាមក្នុងយន្តការសហប្រតិបត្តិការពហុភាគី និងវេទិកាពិភពលោក…។

ក្នុងបរិបទថ្មី ការទូតប្រជាជនបន្តធ្វើសមាហរណកម្ម បត់បែន និងប្រើប្រាស់ធនធានខាងក្រៅជាអតិបរមា ដើម្បីបម្រើគោលដៅពន្លឿនល្បឿន និងបោះជំហានទម្លុះទម្លាយរបស់វៀតណាម។ ក្នុងនោះ ធនធានរបស់អាណិកជនវៀតណាមជាង ៥ លាននាក់គឺធំធេងណាស់ ជាពិសេសក្នុងវិស័យថ្មីៗដូចជា បរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង់ និងបញ្ញាសិប្បនិមិត្តជាដើម។ សាស្រ្តាចារ្យរង បណ្ឌិត Vu Tuan Hung អនុប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមតំបន់ភាគខាងត្បូង សមាជិកនៃសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញបានឲ្យដឹងថា៖ 

“ការលើកកំពស់តួនាទីរបស់ប្រជាជនវៀតណាមនៅបរទេសមានសារៈសំខាន់ណាស់។ ជាពិសេសក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ឌីជីថលនីយកម្ម និងសកលភាវូបនីយកម្ម។ ដូច្នេះហើយ យើងត្រូវតែមានដំណោះស្រាយថ្មី។ បើតាមគំនិតរបស់ខ្ញុំ នោះគឺជា ដំណោះស្រាយដែលទាក់ទងនឹងបញ្ហានៃយន្តការ និងរបៀបរបប ជំរុញការរៀបចំសកម្មភាពនិងព្រឹត្តិការណ៍ការទូតប្រជាជន ជាមួយនឹងវិធីសាស្រ្តថ្មីថ្មោង សមស្របនឹងបរិយាកាសផ្លាស់ប្តូរថ្មី”។

ជាក់ស្តែងក្នុងប្រវត្តិសាស្ត្រ ការទូតប្រជាជនបានរួមវិភាគទានយ៉ាងធំធេងក្នុងបុព្វហេតុតស៊ូរំដោះជាតិ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ បង្កើតបណ្តាញមិត្តភ័ក្តិនិងដៃគូដែលស្រលាញ់និងគាំទ្រវៀតណាម។ ក្នុងសម័យកាលថ្មីនេះ ការទូតប្រជាជនបន្តពង្រីកថែមទៀតនូវ "អំណាចទន់" របស់ប្រទេសជាតិ ដើម្បីផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវរូបភាពនៃប្រទេសមួយដែលកំពុងស្ទុះឈានទៅមុខ។ មិនត្រឹមតែកៀរគរធនធានសម្រាប់ការអភិវឌ្ឍប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៀតគឺការតភ្ជាប់ទំនាក់ទំនងវៀតណាមជាមួយពិភពលោក ពូនជ្រុំចំណោងមិត្តភាពជាមួយប្រជាតិដទៃទៀត បង្កើនឋានៈនិងឥទ្ធិពលរបស់វៀតណាម ហើយរួមចំណែកប្រកបដោយទំនួលខុសត្រូវចំពោះបញ្ហាក្នុងតំបន់ និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ