សេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៥៖ មានស្ថេរភាពប៉ុន្តែនៅតែមានហានិភ័យដែលអាចកើតមាន

(VOVWORLD) - អង្គការសេដ្ឋកិច្ច និងហិរញ្ញវត្ថុធំៗភាគច្រើននៅលើពិភពលោក បានវាយតម្លៃថា សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំនេះ នឹងមានកំណើនស្ថិរភាព ប៉ុន្តែនៅតែបន្តប្រឈមមុខនឹងហានិភ័យធំៗទាក់ទងនឹងជម្លោះពាណិជ្ជកម្ម និងអស្ថិរភាពភូមិសាស្ត្រនយោបាយ។

នៅក្នុងរបាយការណ៍យថាទស្សន៍សេដ្ឋកិច្ចពិភពលោកដែលបានចេញផ្សាយកាលពីចុងខែតុលាឆ្នាំមុន មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថាសេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ៣,២% ក្នុងឆ្នាំនេះ។ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍសេដ្ឋកិច្ច (OECD) ឬធនាគារពិភពលោក (WB) ក៏បានធ្វើការព្យាករណ៍ប្រហាក់ប្រហែលនេះដែរ ដោយរំយោលនៅកម្រិត ៣% និងអាចឡើងរហូតដល់ ៣,៣%។

ការចុះចតទន់

មូលដ្ឋានគ្រឹះសម្រាប់ការរំពឹងទុកអំពីកំណើនស្ថិរភាពនៃសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះគឺជាសមិទ្ធិផលវិជ្ជមានក្នុងឆ្នាំ ២០២៤។ បើយោងតាមអគ្គលេខាធិការអង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍសេដ្ឋកិច្ច (OECD) លោក Mathias Cormann ក្នុងឆ្នាំកន្លងទៅ សេដ្ឋកិច្ចពិភពលោក បានបង្ហាញពីសមត្ថភាពងើបឡើងវិញគួរឱ្យកត់សម្គាល់ នៅពេលដែលអតិផរណានៅក្នុងសេដ្ឋកិច្ចធំៗជាច្រើនបានថយចុះជាបណ្ដើរៗមកអត្រាគោលដៅ (២%) របស់ធនាគារកណ្តាល ខណៈដែលកំណើននៅតែមានស្ថិរភាព។ ការអត្ថាធិប្បាយនេះត្រូវបានពង្រឹងដោយទិន្នន័យដែលចេញផ្សាយដោយ IMF នៅក្នុងរបាយការណ៍ថ្មីបំផុតកាលពីចុងខែតុលានេះ តាមនោះអត្រាអតិផរណាជាមធ្យមនៅលើពិភពលោកនឹងថយចុះមកត្រឹម ៣,៥% នៅចុងឆ្នាំនេះ បន្ទាប់ពីហក់ឡើងដល់កំពូល ៩,៤% នៅក្នុងត្រីមាសទី ៣ ឆ្នាំ២០២២។ បច្ចុប្បន្ននេះ អត្រាអតិផរណាកំពុងប្រែប្រួលជុំវិញកម្រិត ២,៧% នៅសហរដ្ឋអាមេរិក ២,២% នៅក្នុងតំបន់ចាយប្រាក់រួមអឺរ៉ូ និង ២,៦% នៅចក្រភពអង់គ្លេស។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញខ្លះមានការប្រុងប្រយ័ត្ន ដោយចាត់ទុកថា អត្រាអតិផរណានៅក្នុងសេដ្ឋកិច្ចធំៗជាច្រើនមិនទាន់ត្រឡប់ទៅរកកម្រិតគោលដៅ ២% ហើយសូម្បីតែមាននិន្នាការកើនឡើងបន្តិចក្នុងប៉ុន្មានខែចុងឆ្នាំកន្លងទៅ។ ហេតុដូច្នេះ គោលនយោបាយអត្រាការប្រាក់នៅតែត្រូវគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្ន ព្រមទាំងចាំបាច់ត្រូវតាមដានយ៉ាងដិតដល់ហានិភ័យចំពោះកំណើនផងដែរ។ លោកស្រី Rebeca Grynspan អគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានធ្វើអត្ថាធិប្បាយថា៖

“សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមួយដែលយើងអាចអបអរសាទរលទ្ធភាពនៃការចុះចតទន់ ប៉ុន្តែយើងក៏អាចចុះចតលើផ្លូវរត់ខុសផងដែរ។ យើងកំពុងចុះចតនៅក្នុងបរិបទនៃកំណើនទាប បំណុលខ្ពស់ ការវិនិយោគទន់ខ្សោយ និងពាណិជ្ជកម្មបែកបាក់”។

 "អថេរ" អាមេរិក

ធ្វើការព្យាករណ៍ពីកំណើន GDP សកលនៅឆ្នាំនេះ OECD មានសុទិដ្ឋិនិយមបំផុត ដោយចាត់ទុកថា កំណើនអាចសម្រេចបាន ៣,៣% បន្ទាប់មកគឺ IMF ជាមួយនឹងកម្រិតព្យាករណ៍ ៣,២%។ ប្រយ័ត្នប្រយែងជាងនេះទៅទៀត ធនាគារអាមេរិកឈានមុខគេពីរគឺ Morgan Stanley និង Goldman Sachs បានចេញការព្យាករណ៍ ៣% និង ២,៧% រៀងៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ យថាទស្សន៍សម្រាប់តំបន់នានា មានភាពខុសគ្នាគួរឲ្យកត់សម្គាល់។ ធនាគារ Goldman Sachs ជឿជាក់ថា សហរដ្ឋអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចធំជាងគេលើពិភពលោក នឹងមានកំណើន GDP ប្រសើរជាងប្រទេសអភិវឌ្ឍន៍ដទៃទៀត ដោយសម្រេចបាន ២,៥% នៅឆ្នាំនេះ ដែលស្មើនឹងការប៉ាន់ប្រមាណរបស់ OECD (២,៤%)។ មហាអំណាចសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកគឺប្រទេសចិនត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៤,៧% យោងតាម OECD និង ៤,៥% យោងតាម WB។ ក្នុងពេលជាមួយគ្នានោះ សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូត្រូវបានគេព្យាករថា នឹងមានកំណើនត្រឹមតែ ១,៣% ខណៈដែលសេដ្ឋកិច្ចជប៉ុនមានកំណើន ១,៥%។

ទោះជាយ៉ាងណាក៏ដោយ យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ "អថេរ" នៅតែអាស្រ័យលើសហរដ្ឋអាមេរិក។ លោក Seth Carpenter ប្រធានសេដ្ឋវិទូនៃធនាគារ Morgan Stanley បានធ្វើអត្ថាធិប្បាយថា លទ្ធផលនៃការបោះឆ្នោតអាមេរិកជាមួយនឹងជ័យជម្នះរបស់លោក Donald Trump នឹងបើកការផ្លាស់ប្តូរគោលនយោបាយ ដែលជះឥទ្ធិពលពាសពេញសេដ្ឋកិច្ចសកល។ បើយោងតាម S&P Global ប្រទេសចិនក៏ត្រូវបានគេព្យាករណ៍ថា នឹងរងផលប៉ះពាល់ដោយជៀសមិនរួច ពីគោលនយោបាយពន្ធគយ ពីរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិក ដូច្នេះ GDP នៅឆ្នាំក្រោយអាចកើនឡើងត្រឹមតែ ៤,១% ប៉ុណ្ណោះ។ ប៉ុន្តែផលប៉ះពាល់មិនមែនតែម្ខាងទេ សេដ្ឋកិច្ចអាមេរិកក៏នឹងរងផលប៉ះពាល់ផងដែរ ប្រសិនបើកើតមានសេណារីយ៉ូដែលលោក Donald Trump វាយពន្ធខ្ពស់លើគូប្រជែងសេដ្ឋកិច្ច ដែលនាំឱ្យមានជម្លោះពាណិជ្ជកម្មទ្រង់ទ្រាយធំ។ អ្នកជំនាញ Joseph Stiglitz (សហរដ្ឋអាមេរិក) ដែលធ្លាប់បានឈ្នះរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចបានព្រមានថា៖

“មនុស្សភាគច្រើនគិតថា ការយកពន្ធរបស់សហរដ្ឋអាមេរិកលើកនេះ នឹងមានប្រសិទ្ធភាពជាងមុន ដោយសារលោក Donald Trump គំរាមវាយពន្ធខ្ពស់ជាងមុន។ លោក Trump បាននិយាយថា លោកចូលចិត្តការយកពន្ធ ប៉ុន្តែប្រជាជនអាមេរិកមានការព្រួយបារម្ភថា ប្រការនេះអាចបង្កឲ្យមានផលប៉ះពាល់បញ្ច្រាសលើសេដ្ឋកិច្ចអាមេរិកវិញ”។

យោងតាមធនាគារ Goldman Sachs ប្រសិនបើអស្ថិរភាពពាណិជ្ជកម្មកើនឡើងដល់កម្រិតខ្ពស់ដូចក្នុងដំណាក់កាល ២០១៨-២០១៩ នោះ GDP របស់សហរដ្ឋអាមេរិកអាចធ្លាក់ចុះ ០,៣% ខណៈពេលដែលតំបន់ចាយប្រាក់អឺរ៉ូ និងប្រទេសចិននឹងធ្លាក់ចុះ ០,៩% និង ០,៧%។ ទោះជាយ៉ាងណាក៏ដោយ យោងតាមអង្គការស្រាវជ្រាវ Capital Economics (ចក្រភពអង់គ្លេស) ហានិភ័យនៃជម្លោះពាណិជ្ជកម្មនាពេលបច្ចុប្បន្ននេះគឺមានកម្រិតមធ្យមប៉ុណ្ណោះ ពីព្រោះវិធានការតបតពីប្រទេសផ្សេងទៀត នឹងត្រូវបានរៀបចំឡើងដើម្បីជៀសវាងភាពតានតឹងជាមួយសហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ