គម្រប់៣ឆ្នាំនៃជម្លោះអ៊ុយក្រែន៖ បើកឱកាសសម្រាប់សន្តិភាព

(VOVWORLD) - ជម្លោះនៅអ៊ុយក្រែន ដែលជាជម្លោះប្រដាប់អាវុធដ៏ធំបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក បានគម្រប់
រយៈពេល ៣ ឆ្នាំនៅថ្ងៃទី ២៤ ខែកុម្ភៈ។ ទោះបីជាការប្រយុទ្ធគ្នានៅលើ
សមរភូមិនៅតែបន្តផ្ទុះឡើងយ៉ាងសាហាវក៏ដោយ ប៉ុន្តែក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់ជម្លោះគឺច្បាស់លាស់ជាងពេលណាៗទាំងអស់ អាស្រ័យដោយការជំរុញពីរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក។

គម្រប់៣ឆ្នាំនៃជម្លោះអ៊ុយក្រែន៖ បើកឱកាសសម្រាប់សន្តិភាព - ảnh 1ទាហានអ៊ុយក្រែនជ្រកក្នុងលេណដ្ឋាន។ រូបថត៖ AFP/VNA

ចំណុចរបត់នៃសន្តិភាព

រយៈពេល ៣ ឆ្នាំបន្ទាប់ពីការផ្ទុះឡើង ជម្លោះបានបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស និងសេដ្ឋកិច្ចសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអ៊ុយក្រែន។ គិតត្រឹមចុងឆ្នាំមុន អង្គការហិរញ្ញវត្ថុសេដ្ឋកិច្ចធំៗជាច្រើនបានប៉ាន់ប្រមាណថា ចំនួនទឹកប្រាក់ដែលអ៊ុយក្រែនត្រូវចំណាយដើម្បីកសាងប្រទេសឡើងវិញបន្ទាប់ពីជម្លោះបញ្ចប់ គឺជិត ៥០០ ពាន់លានដុល្លារអាមេរិក ដោយសារតែសេដ្ឋកិច្ចរបស់ប្រទេសនេះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និងថាមពល។ ប្រជាជនអ៊ុយក្រែនរាប់លាននាក់ក៏បានជម្លៀសចេញពីប្រទេសដើម្បីស្វែងរកការជ្រកកោន។ ចំណែកខាងរុស្ស៊ីវិញ បន្ទុកនៃជម្លោះ និងទណ្ឌកម្មពីលោកខាងលិចក៏បានដាក់សម្ពាធយ៉ាងខ្លាំងលើសេដ្ឋកិច្ចទាំងក្នុងរយៈពេលខ្លីនិងវែង។ សម្រាប់អឺរ៉ុប និងពិភពលោក ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតនៃជម្លោះក្នុងប្រទេសអ៊ុយក្រែន គឺជាហានិភ័យអចិន្រ្តៃយ៍នៃគ្រោះមហន្តរាយសន្តិសុខសកល ខណៈដែលកម្រិតនៃជម្លោះកាន់តែធ្ងន់ធ្ងរឡើង។

ទោះជាយ៉ាងណាក៏ដោយ នៅពេលគម្រប់ ៣ ឆ្នាំនៃការផ្ទុះឡើង ជម្លោះនៅអ៊ុយក្រែនក៏កំពុងកត់ត្រានូវចំណុចរបត់ដែលអាចជំរុញឱ្យភាគីនានាខិតមកជិតកិច្ចព្រមព្រៀងសន្តិភាពមួយជាងពេលណាៗទាំងអស់។ កម្លាំងជំរុញនោះបានមកពីរដ្ឋបាលថ្មីនៅសហរដ្ឋអាមេរិក។ មិនដល់មួយខែបន្ទាប់ពីឡើងកាន់អំណាចម្ដងទៀត ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី ១២ ខែកុម្ភៈបានធ្វើការសន្ទនាតាមទូរស័ព្ទជាលើកដំបូងជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដើម្បីចាប់ផ្តើមការចរចាដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ កាលពីថ្ងៃទី១៨ ខែកុម្ភៈ គណៈប្រតិភូការទូតជាន់ខ្ពស់របស់អាមេរិក និងរុស្ស៊ីបានជួបពិភាក្សាគ្នានៅទីក្រុងរីយ៉ាដ (អារ៉ាប៊ីសាអូឌីត) ហើយទំនងជាប្រមុខរដ្ឋអាមេរិក និងរុស្ស៊ីនឹងមានការសន្ទនាដោយផ្ទាល់ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ។ មិនត្រឹមតែផ្លាស់ប្តូរទាំងស្រុងនូវវិធីអភិក្រមចំពោះរុស្ស៊ីប៉ុណ្ណោះទេ ប្រធានាធិបតីអាមេរិកលោក Donald Trump ក៏បានចាត់ទុកការដោះស្រាយជម្លោះអ៊ុយក្រែនជាអាទិភាពកំពូលនាបច្ចុប្បន្ន ហើយបានអះអាងថា លោកនឹងដាក់សម្ពាធលើរុស្ស៊ី និងអ៊ុយក្រែនឱ្យមានការសន្ទនាគ្នា។

“ខ្ញុំគិតថា ប្រធានាធិបតី Putin និងប្រធានាធិបតី Zelensky នឹងត្រូវសន្ទនាជាមួយគ្នា។ ព្រោះថាយើងខ្ញុំចង់បញ្ឈប់ការបត់បង់ជីវិតរបស់មនុស្សរាប់លាននាក់។ ដូច្នេះខ្ញុំចង់បានបទឈប់បាញ់មួយ ចង់បានកិច្ចព្រមព្រៀងមួយ ហើយខ្ញុំគិតថាយើងមានឱកាសធ្វើរឿងនោះ”។

បញ្ហាលំបាកសម្រាប់អឺរ៉ុប

ទោះបីជាភាគីទាំងអស់ចង់បានសន្តិភាពវិលត្រឡប់ទៅអ៊ុយក្រែនវិញក៏ដោយ ប៉ុន្តែបញ្ហាដ៏ធំបំផុតនៅពេលនេះគឺ តើសន្តិភាពនេះនឹងសម្រេចបានដោយរបៀបណា? ការដែលអាមេរិក និងរុស្ស៊ីដាក់អ៊ុយក្រែន និងអឺរ៉ុបនៅខាងក្រៅពីការចរចាដំបូង រួមជាមួយនឹងសម្ពាធរបស់អាមេរិកលើអ៊ុយក្រែនទាក់ទងនឹងកិច្ចព្រមព្រៀងរ៉ែ ៥០០ ពាន់លានដុល្លារអាមេរិកនោះ កំពុងបង្កើតបរិយាកាសអសន្តិសុខនៅទូទាំងទ្វីបអឺរ៉ុប ព្រមទាំងបង្កបញ្ហាប្រឈមចំពោះសាមគ្គីភាព និងសមត្ថភាពរបស់ប្រទេសអឺរ៉ុបលើបញ្ហាអ៊ុយក្រែនផងដែរ។ កាលពីសប្តាហ៍មុន ប្រទេសអឺរ៉ុបបានរៀបចំកិច្ចប្រជុំកំពូលពីរលើកជាប់គ្នានៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានការចូលរួមពីចក្រភពអង់គ្លេសដែលបានចាកចេញពីសហភាពអឺរ៉ុប (EU) ក្នុងឆ្នាំ ២០១៦ និងកាណាដា ដែលជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅអាមេរិកខាងជើង ដើម្បីពិភាក្សាអំពីរបៀបឆ្លើយតបទៅនឹងការវិវឌ្ឍន៍បច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយ កិច្ចប្រជុំទាំងពីរលើកមិននាំមកនូវលទ្ធផលគួរឲ្យកត់សម្គាល់ទេ ហើយបណ្តាប្រទេសនៅអឺរ៉ុបបន្តបែកបាក់គ្នាលើការគាំទ្រ ឬមិនគាំទ្រវិធីសាស្រ្តថ្មីរបស់រដ្ឋបាលអាមេរិកចំពោះជម្លោះអ៊ុយក្រែន។

បញ្ហាលំបាកបំផុតសម្រាប់អឺរ៉ុបកើតឡើងក្នុងសប្តាហ៍នេះ នៅពេលដែលប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីបញ្ចុះបញ្ចូលប្រធានាធិបតីអាមេរិកលោក Donald Trump ឱ្យគាំទ្រយុទ្ធសាស្ត្រសន្តិសុខរបស់អឺរ៉ុប ដោយផ្តោតសំខាន់លើការធានាសន្តិសុខពីសហរដ្ឋអាមេរិក សម្រាប់សេណារីយ៉ូនៃការដាក់ពង្រាយកងទ័ពរក្សាសន្តិភាពអឺរ៉ុបទៅកាន់អ៊ុយក្រែន ប្រសិនបើភាគីនានាសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់។ ទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកជំនាញ Philip Golub សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យអាមេរិកនៅទីក្រុងប៉ារីស លទ្ធភាពដែលអឺរ៉ុបបញ្ចុះបញ្ចូលលោក Donald Trump ដោយជោគជ័យគឺមិនខ្ពស់នោះទេ។

“រដ្ឋបាលអាមេរិកជឿជាក់ថា អឺរ៉ុបជានិច្ចកាលជាអ្នកលេងលំដាប់ទីពីរនៅលើឆាកនយោបាយពិភពលោក ហើយបញ្ហាស្នូលសម្រាប់សហរដ្ឋអាមេរិកគឺទំនាក់ទំនងរវាងមហាអំណាច ពោលគឺរវាងសហរដ្ឋអាមេរិក ជាមួយចិន និងរុស្ស៊ីតែប៉ុណ្ណោះ។ នោះហើយជាទស្សនៈរបស់លោក Donald Trump និងរដ្ឋបាលអាមេរិកបច្ចុប្បន្ន ចំពោះពិភពលោក។ ដូច្នេះ ពួកគេអាចស្តាប់លោក Macron ប៉ុន្តែនឹងមិនធ្វើសម្បទានគួរឲ្យកត់សម្គាល់ណាមួយចំពោះការទាមទាររបស់អឺរ៉ុបឡើយ។ ខ្ញុំមិនគិតថា ដំណើរទស្សនកិច្ចនេះអាចបង្កើតឡើងការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងទីក្រុងវ៉ាស៊ីនតោននោះទេ”។

ចែករំលែកទស្សនៈនេះ អ្នកជំនាញ Armida Van Rij នាយកកម្មវិធីអ៊ឺរ៉ុបនៅវិទ្យាស្ថាន Chatham House (អង់គ្លេស) បាននិយាយថា ការវិវឌ្ឍន៍ថ្មីៗបញ្ជាក់ពីនិន្នាការដែលមិនអាចបញ្ច្រាសបាននៃការដកការសន្យាផ្នែកសន្តិសុខជាបណ្តើរៗរបស់សហរដ្ឋអាមេរិកចំពោះអឺរ៉ុប ហើយដំណើរការដោះស្រាយជម្លោះអ៊ុយក្រែននឹងក្លាយជាការសាកល្បងដ៏ធំបំផុតសម្រាប់អឺរ៉ុបនោះគឺ តើប្លុកនេះអាចទទួលបន្ទុកការពារសន្តិសុខ និងផលប្រយោជន៍ផ្ទាល់ខ្លួនបានទេ ឬទទួលយកត្រូវគេដាក់នៅខាងក្រៅពីការវិវឌ្ឍន៍នាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ