ជម្លោះរុស្ស៊ី-អ៊ុយក្រែន៖ ការមន្ទិលសង្ស័យអំពីលទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់
(VOVWORLD) - បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ៣០ ថ្ងៃលើហេដ្ឋារចនាសម្ព័ន្ធថាមពល សហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន នៅថ្ងៃទី ២៥ ខែមីនា ក៏បានប្រកាសកិច្ចព្រមព្រៀងជាគោលការណ៍ដើម្បីបញ្ឈប់សកម្មភាពយោធាអរិភាពនៅសមុទ្រខ្មៅ។ ទោះជាយ៉ាងណាក៏ដោយ ឧបសគ្គនាពេលបច្ចុប្បន្នបានបន្សល់ទុកនូវការមន្ទិលសង្ស័យជាច្រើនអំពីលទ្ធភាពដែលបទឈប់បាញ់ទាំងនេះអាចត្រូវបានអនុវត្តន៍លើមូលដ្ឋានជាក់ស្តែងក្នុងពេលឆាប់ៗនេះ។
យោងតាមព័ត៌មានដែលចេញផ្សាយដោយគណៈប្រតិភូអាមេរិកកាលពីថ្ងៃទី ២៥ ខែមីនា បន្ទាប់ពីរយៈពេល ៣ថ្ងៃនៃការចរចាដាច់ដោយឡែកជាមួយគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែននៅរដ្ឋធានី Riyadh របស់អារ៉ាប៊ីសាអូឌីត រុស្ស៊ី និងអ៊ុយក្រែនបានយល់ព្រមធានាសុវត្ថិភាពនាវាចរណ៍ លុបបំបាត់ការប្រើប្រាស់កម្លាំងនិងទប់ស្កាត់ការប្រើប្រាស់នាវាពាណិជ្ជកម្មសម្រាប់គោលបំណងយោធានៅសមុទ្រខ្មៅ។
ទាហានរុស្ស៊ីដែលកំពុងបំពេញកាតព្វកិច្ចនៅក្នុងតំបន់សង្គ្រាម។ រូបថត៖ TASS |
ជំហានបន្ទាប់
កិច្ចព្រមព្រៀងបញ្ឈប់សកម្មភាពយោធាអរិភាពនៅសមុទ្រខ្មៅ គឺជាសញ្ញាវិជ្ជមានបន្ទាប់សម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងព្យាយាមជំរុញ។ បន្ទាប់ពីកិច្ចព្រមព្រៀង (ជាគោលការណ៍) លើបទឈប់បាញ់រយៈពេល ៣០ ថ្ងៃលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី និងអ៊ុយក្រែន កិច្ចព្រមព្រៀងឈប់បាញ់នៅសមុទ្រខ្មៅបានបញ្ចប់ ២/៣ នៃគោលដៅដែលភាគីជាច្រើនបានកំណត់ អស់រយៈពេលជាច្រើនខែកន្លងទៅ គឺការបង្កើតបទឈប់បាញ់ទូលំទូលាយនៅលើដីគោក លើអាកាស និងលើសមុទ្រ។ កិច្ចព្រមព្រៀងនេះក៏អាចត្រួសត្រាយផ្លូវសម្រាប់ការស្តារឡើងវិញនៃគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅដែលត្រូវបានយល់ព្រមចាប់ពីខែកក្កដាឆ្នាំ២០២២ ប៉ុន្មានខែបន្ទាប់ពីជម្លោះរុស្ស៊ី - អ៊ុយក្រែនបានផ្ទុះឡើង ប៉ុន្តែត្រូវបានដួលរលំមួយឆ្នាំក្រោយមក ដោយសារតែការមិនចុះសម្រុងគ្នារវាងភាគីពាក់ព័ន្ធ។ ការស្តារឡើងវិញនៃគំនិតផ្តួចផ្តើមនេះ នឹងមិនត្រឹមតែរំដោះខ្សែផ្លូវដឹកជញ្ជូនតាមសមុទ្រដ៏សំខាន់សម្រាប់ការនាំចេញកសិផលនិងជីពីប្រទេសរុស្ស៊ី និងអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងមានផលប៉ះពាល់ជាវិជ្ជមានលើទូទាំងពិភពលោកទៀតផង។ អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephan Dujarric មានប្រសាសន៍ថា៖ “ការសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីសេរីភាពនាវាចរណ៍នៅសមុទ្រខ្មៅ តាមនោះការពារការដឹកជញ្ជូនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ គឺជាការរួមចំណែកដ៏សំខាន់ចំពោះសន្តិសុខស្បៀងអាហារ និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ វាក៏ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃខ្សែផ្លូវពាណិជ្ជកម្មពីប្រទេសរុស្ស៊ីនិងអ៊ុយក្រែនទៅកាន់ពិភពលោកផងដែរ”។
បញ្ហាប្រឈមសម្រាប់ភាគីទាំងអស់នាពេលនេះ គឺធ្វើដូចម្តេចដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងសមុទ្រខ្មៅឱ្យបានឆាប់ៗ ។ យោងតាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov គន្លឹះសំខាន់គឺថា បទដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ជាពិសេសក្នុងវិស័យកសិកម្ម ចាំបាច់ត្រូវដកចេញ ខណៈដែលអាមេរិកក៏ត្រូវផ្តល់ការធានាថា អ៊ុយក្រែននឹងបំពេញតាមការសន្យារបស់ខ្លួន។ ទន្ទឹមនឹងនេះ អ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន បានស្នើឱ្យរុស្ស៊ីបង្ហាញសុច្ឆន្ទៈដោយទទួលយកកិច្ចព្រមព្រៀងដោយគ្មានលក្ខខណ្ឌជាមុន។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានសារភាពថា នេះគឺជាបញ្ហាដ៏ធំសម្រាប់គ្រប់ភាគី ហើយអាមេរិកនឹងត្រូវការពិភាក្សាផ្នែកបច្ចេកទេសជាមួយរុស្ស៊ីបន្ថែមទៀត មុនពេលរាយការណ៍ជម្រើសដល់លោកប្រធានាធិបតី Donald Trump សម្រាប់ការសម្រេចចិត្ត។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអាមេរិកក៏បានឲ្យដឹងថា បច្ចុប្បន្ន ប្រការដ៏សំខាន់បំផុតគឺភាគីពាក់ព័ន្ធកំពុងធ្វើការចរចាយ៉ាងយកចិត្តទុកដាក់៖ “ខ្ញុំគិតថា រឿងវិជ្ជមាននៅទីនេះគឺថា យើងកំពុងនាំភាគីរុស្ស៊ីនិងអ៊ុយក្រែន ចូលរួមការចរចាលើបទឈប់បាញ់ មិនថាជាបទឈប់បាញ់ទាំងនោះលើហេដ្ឋារចនាសម្ព័ន្ធថាមពល ឬបទឈបបាញ់នៅសមុទ្រខ្មៅឡើយ" ។
ភាពតឹងតែងរបស់អឺរ៉ុប
យោងតាមអ្នកសង្កេតការណ៍ បញ្ហាប្រឈមដ៏ធំបំផុតមួយចំពោះការអនុវត្តបទឈប់បាញ់ (រយៈពេល ៣០ ថ្ងៃ លើហេដ្ឋារចនាសម្ព័ន្ធថាមពល និងសមុទ្រខ្មៅ) ឲ្យបានឆាប់ៗ ទោះបីជាភាគីនានាបានយល់ព្រមជាគោលការណ៍ក៏ដោយ គឺទស្សនៈខុសគ្នាកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់អ៊ុយក្រែន។ ខណៈពេលដែលរដ្ឋបាលអាមេរិកបានអនុវត្តវិធីសាស្រ្តសន្ទនាជាមួយរុស្ស៊ី ភាគីអឺរ៉ុបនាពេលថ្មីៗនេះបានប្រកាន់ជំហរដ៏តឹងតែជាងមុន។ នាសប្តាហ៍កន្លងទៅ សហភាពអឺរ៉ុប (EU) រួមជាមួយនឹងចក្រភពអង់គ្លេស និងដៃគូជាច្រើនទៀតនៅក្រៅតំបន់ (ដូចជាអូស្ត្រាលី និងកាណាដា) បានបើកកិច្ចប្រជុំកម្រិតខ្ពស់ចំនួនបីលើក ដោយផ្តោតសំខាន់លើការបន្តផ្តល់ជំនួយផ្នែកយោធាដល់អ៊ុយក្រែន ហើយសុក្រឹត្យយន្តការសម្រាប់ការកសាង "សម្ព័ន្ធភាពស្ម័គ្រចិត្ត" ដើម្បីបញ្ជូនកងទ័ពរក្សាសន្តិភាពទៅកាន់អ៊ុយក្រែន នៅពេលដែលភាគីនានាសម្រេចបាបនកិច្ចព្រមព្រៀងទូលំទូលាយ និងយូរអង្វែង។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលស្តីពីការជួយឧបត្ថម្ភអ៊ុយក្រែននៅថ្ងៃទី ២៧ ខែមីនានៅទីក្រុងប៉ារីសប្រទេសបារាំង បណ្តាប្រទេសនៅអឺរ៉ុបក៏បានប្រកាស មិនពិចារណាដល់ការដកទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីក្នុងពេលឆាប់ៗនេះទេ ហើយថែមទាំងបង្កើនទណ្ឌកម្មដើម្បីដាក់សម្ពាធទៀតផង។ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានប្រកាសថា៖ “សម្រាប់យើងខ្ញុំ ប្រការដែលសំខាន់នៅពេលនេះ គឺការបញ្ឈប់ទណ្ឌកម្ម(ប្រឆាំងនឹងរុស្ស៊ី) គឺជាកំហុសដ៏ធំមួយ។ បទដាក់ទណ្ឌកម្មត្រូវតែបន្ត សម្បីតែបង្កើនថែមទៀត ហើយអឺរ៉ុបនិងសហរដ្ឋអាមេរិកត្រូវតែរួមគ្នាបង្ហាញទស្សនៈច្បាស់លាស់លើការជួយឧបត្ថម្ភអ៊ុយក្រែនបន្ថែមទៀត។ ការបញ្ឈប់បទដាក់ទណ្ឌកម្មនៅពេលសន្តិភាពមិនទាន់សម្រេចបាន គឺមិនសមហេតុផលទេ ហើយជាអកុសល យើងនៅតែស្ថិតឆ្ងាយពីសន្តិភាព”។
ទស្សនៈរបស់អឺរ៉ុបត្រូវបានចាត់ទុកជាឧបសគ្គយ៉ាងសំខាន់ ចំពោះការចរចាបច្ចេកទេសលម្អិតដែលអាមេរិកនិងរុស្ស៊ីកំពុងដំណើរការសំដៅអនុវត្តកិច្ចព្រមព្រៀងសមុទ្រខ្មៅ។ យោងតាមរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio រដ្ឋាភិបាលអាមេរិកស្ទើរតែមិនអាចធ្វើអ្វីបានទេ ចំពោះទណ្ឌកម្មដែលប្រទេសនេះមិនអនុវត្តន៍។ ទន្ទឹមនឹងនេះ រុស្ស៊ីបានលើកសំណើរយ៉ាងម៉ឺងម៉ាត់ដល់សហរដ្ឋអាមេរិក ដើម្បីជួយស្តារឡើងវិញសិទ្ធិជ្រៀតចូលទីផ្សារពិភពលោក សម្រាប់ការនាំចេញកសិផលនិងជីរបស់រុស្ស៊ី តភ្ជាប់ធនាគារកសិកម្មរុស្ស៊ី (Rosselkhozbank) ជាមួយប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ឡើងវិញ។ រហូតមកដល់ពេលនេះ ភាគីទាំងសងខាងមិនបានបង្ហាញសញ្ញាណាមួយនៃការធ្វើសម្បទាន ហើយលទ្ធភាពនៃការអនុវត្តន៍បទឈប់បាញ់ដែលទើបសម្រេចបាន ក្នុងពេលឆាប់ៗនេះ នៅតែជាសញ្ញាសួរដ៏ធំមួយ៕