(VOVWORLD) - ត្រឹមតែរយៈពេល ២៤ ម៉ោង បន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីនៅមីយ៉ាន់ម៉ាបានកើតឡើង ដោយស្មារតីជួយទំនុកបម្រុងគ្នាទៅវិញទៅមក និងការទទួលខុសត្រូវខ្ពស់ចំពោះ សហគមន៍អន្តរជាតិ វៀតណាមបានបង្កើតផែន ការយ៉ាងឆាប់រហ័ស ដើម្បីបញ្ជូនកងកម្លាំងទៅចូលរួមក្នុងជំនួយមនុស្សធម៌ និងជួយសង្គ្រោះគ្រោះមហន្តរាយនៅប្រទេសមីយ៉ាន់ម៉ាមួយរំពេច។ បេសកកម្មនេះមិនត្រឹមតែបញ្ជាក់ អំពីវិជ្ជាជីវៈ និងការត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបលើគ្រប់ស្ថានការណ៍ របស់កងកម្លាំងប្រដាប់អាវុធវៀត ណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញយ៉ាងរស់រវើកនូវស្មារតីអន្តរជាតិដ៏បរិសុទ្ធ មនុស្សសាស្ត្រ និងដើម្បីសន្តិភាពរបស់ប្រជាជនវៀតណាម ផង ដែរ។
ក្រុមវិស្វកម្មនៃកងពលតូចលេខ ២២៩ ត្រៀមចេញដំណើរទៅប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅប្រទេសមីយ៉ាន់ម៉ា (រូបថត៖ qdnd.vn) |
ជាមួយនឹងបេសកកម្មជួយសង្គ្រោះ រាល់នាទីសុទ្ធតែពេញទៅដោយអត្ថន័យស្លាប់រស់។ ដូច្នេះភ្លាមៗនៅពេលទទួលបានព័ត៌មានអំពីគ្រោះមហន្តរាយរញ្ជួយដីនៅមីយ៉ាន់ម៉ា វៀតណាមបានដាក់ពង្រាយកងកម្លាំងជាបន្ទាន់។ ក្រុមជួយសង្គ្រោះមកពីក្រសួងការពារប្រទេស និងក្រសួងនគរបាលវៀត ណាមដោយមានសមាជិក ១០៦នាក់ បានទៅដល់ មីយ៉ាន់ម៉ា ដើម្បីចូលរួមដោយផ្ទាល់ក្នុងការងារជួយសង្គ្រោះ និងឧបត្ថម្ភដល់ប្រជាជន។ វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលសម្រេចចិត្តផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន ៣០០.០០០ ដុល្លារអាមេរិក ដើម្បីជួយមីយ៉ានម៉ាជំនះពុះពាររាល់ផលវិបាកបណ្តាលពីគ្រោះមហន្តរាយធម្មជាតិ។
ការងារស្វែងរកជនរងគ្រោះនៅក្នុងគំនរបាក់បែក ក៏ជាការងារស្វែងរកសាច់ញាតិអញ្ជឹង
ជាមួយនឹងការត្រៀមយ៉ាងឆាប់រហ័ស យុទ្ធជននៃកងទ័ពប្រជាជន និងនគរបាលប្រជាជនវៀតណាមបានចេញដំណើរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដោយបំពាក់ជាមួយនឹងបទពិសោធន៍យ៉ាងទូលំទូលាយពីប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមទាំងការជួយ សង្គ្រោះក្នុងប្រទេស និងអន្តរជាតិតាំងពីមុនមក។
រូបភាពយុទ្ធជនវៀតណាម ដោយមិនអើពើរពីការនឿយហត់ក៏ដូចជាគ្រោះថ្នាក់ ដោយព្យាយាមស្វែងរកភាពរស់រានក្នុងគំនរបាក់បែកនៅប្រទេសទួរគីក្នុងឆ្នាំ ២០២៣ បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់រដ្ឋាភិបាលក្នុងតំបន់ និងប្រជាជន។ លើកនេះ ជាមួយបេសកកម្មនៅមីយ៉ាន់ម៉ា ស្មារតីនោះត្រូវបានលើកតម្កើងម្តងទៀតជាមួយនឹងបាវចនា "ជួយមិត្តគឺជួយខ្លួនឯង" រួមចំណែកក្នុងការកសាងសាមគ្គីភាព និងមិត្តភាពនៅពេលបំពេញភារកិច្ចក្នុងទឹកដីប្រទេសមិត្ត។ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានអះអាងថា៖ “ដោយបានជ្រួតជ្រាបនូវភារកិច្ច កសាងការប្តេជ្ញាចិត្តខ្ពស់ ស្មារតីទទួលខុសត្រូវខ្ពស់បំផុត សាមគ្គីភាព ឯកភាព និងជួយទំនុកបម្រុងគ្នាទៅវិញទៅមក។ ខិតខំបំពេញបេសកកម្មជួយសង្គ្រោះ និងមនុស្សធម៌ជាមួយនឹងឧបករណ៍ដែលមានស្រាប់ រួមទាំងបទពិសោធន៍ដែលបានប្រមូលផ្ដុំ លើកកម្ពស់ភាពស្វាហាប់ និងភាពច្នៃប្រឌិតក្នុងពេលវេលាលឿនបំផុត មានប្រសិទ្ធភាព និងសុវត្ថិភាពបំផុត។ ក្នុងអំឡុងពេលអនុវត្តន៍បេសកកម្ម យើងតែងតែត្រៀមខ្លួនជាស្រេច ដើម្បីជួយប្រជាជនរបស់ប្រទេសមិត្ត អស់ពីសមត្ថភាព និងតាមលក្ខខណៈដែលយើងអាចធ្វើបាន”។
ក្នុងស្មារតីនោះ កម្មាភិបាលនិងយយទ្ធជននៃកងទ័ពប្រជាជនចំនួន ៨០នាក់ និងកម្មាភិបាលយុទ្ធជននគរបាលចំនួន ២៦នាក់ ក្រោមការបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងការពារប្រទេស និងក្រសួងនគរបាល បានបង្ហាញនូវជំនាញវិជ្ជាជីវៈ និងការត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបគ្រប់ស្ថានភាពនៃកងកម្លាំងប្រដាប់អាវុធវៀតណាម។ ឧត្តមសេនីយទោ Pham Van Ty អនុប្រធានការិយាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិឆ្លើយតបគ្រោះមហន្តរាយ ស្វែងរក និងជួយសង្គ្រោះ ប្រធានក្រុមស្វែងរក និងជួយសង្គ្រោះរបស់កងទ័ពវៀតណាមប្រចាំប្រទេស មីយ៉ាន់ម៉ាបានឲ្យដឹងថា៖ “យើងចាត់ទុកការស្វែងរកជនរងគ្រោះក្នុងគំនរបាក់បែកថាជាការស្វែងរកសាច់ញាតិ អញ្ជឹង ហើយយើងខ្ញុំបានចាត់ទុកថា នេះជាមនោសញ្ជេតនា ទំនួលខុសត្រូវ និងឋានៈរបស់ប្រទេសវៀតណាម របស់ប្រជាជាតិនិងកងទ័ពវៀតណាម”។
វិស្វករនិងសត្វឆ្កែជំនាញ នៃគណៈប្រតិភូវៀតណាម បានចូលរួមក្នុងការស្វែងរកជនរងគ្រោះក្នុងគំនរបាក់បែកនៅ Antakya រដ្ឋធានី Hatay ទួរគីខែកុម្ភៈ ឆ្នាំ ២០២៣ (រូបថត៖ qdnd.vn) |
ក្នុងពេលជាមួយគ្នានោះ អនុរដ្ឋមន្ត្រីក្រសួងនគរបាល ឧត្តមសេនីយ៍ទោ Le Van Tuyen អ្នកដែលបានប្រគល់ភារកិច្ចដោយផ្ទាល់ដល់ក្រុមជួយសង្គ្រោះរបស់នគរបាលវៀតណាមបានសង្កត់ធ្ងន់ថា នេះមិនត្រឹមតែជាការទទួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំងជាកិត្តិយសក្នុងការអនុវត្តបេសកកម្មអន្តរជាតិ ជួយសម្រាលការឈឺចាប់ និងការបាត់បង់របស់ប្រជាជន មីយ៉ាន់ម៉ា៖
“ក្នុងដំណើរការបំពេញភារកិច្ចជួយសង្គ្រោះ តម្រូវការត្រូវដាក់ចេញគឺធានាស្មារតីប្រញាប់ប្រញាល់ មានទទំនួលខុសត្រូវ ដោយ ស្មារតី “ជួយមិត្តក៏ដូចជាជួយយើងអញ្ជឹង” ព្រមទាំងត្រូវធានាសុវត្ថភាពសម្រាប់យើងទាំងអស់គ្នា”។
ប្តេជ្ញាបំភ្លឺរូបភាពរបស់យុទ្ធជនក្នុងសម័យសន្តិភាព
ក្នុងគ្រាមានគ្រោះមហន្តរាយធម្មជាតិ និងគ្រោះមហន្តរាយ ប្រជាជននៅតំបន់រងគ្រោះត្រូវការជំនួយទាន់ពេលវេលាច្រើនជាងពេលណាៗទាំងអស់។ សកម្មភាពភ្លាមៗ និងជំនួយជាក់ស្តែងរបស់វៀតណាមមិនត្រឹមតែជាសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តស្មារតីយ៉ាងជំធេង ដើម្បី ជួយពួកគេឱ្យជម្នះការលំបាក ដូចជាប្រជាជននៅទីក្រុង Mandalay ដែលជាកន្លែងរងគ្រោះខ្លាំងបំផុតដោយការរញ្ជួយដី បានចែករំលែក៖
“ចេញពីដួងចិត្តរបស់ខ្ញុំ ខ្ញុំសូមថ្លែងអំណរគុណដល់ Mytel និងមិត្តភក្តិ វៀតណាម។ ក្រុមរបស់អ្នកគឺជាមនុស្សដំបូងគេដែលបានមកដល់ជាមួយ នឹងអាហារ ទឹក និងការផ្គត់ផ្គង់សង្គ្រោះបន្ទាន់។ ប្រការនោះ ផ្តល់ឱ្យយើងនូវក្តីសង្ឃឹមនៅពេលដែលយើងត្រូវការវាបំផុត”។
“សេចក្តីសប្បុរស និងភាពទូលំទូលាយរបស់អ្នកបានជួយយើងឱ្យរស់រានមានជីវិត និងកសាងឡើងវិញ។ យើងនឹងមិនភ្លេចអ្វីដែលអ្នកបានធ្វើសម្រាប់យើងទេ។ ខ្ញុំសូមអរគុណប្រជាជនវៀតណាមដែលបានឧបត្ថម្ភយើង”។
តបស្នងមរតក និងលើកតម្កើងប្រពៃណីដ៏ថ្លៃថ្នូ បង្ហាញពីតួនាទីទំនួលខុសត្រូវរបស់វៀតណាមក្នុងសហគមន៍អន្តរជាតិ ដំណើរបំពេញការងារនៅ មីយ៉ាន់ម៉ានេះ មិនត្រឹមតែជាបេសកកម្មជួយសង្គ្រោះប៉ុណ្ណោះទេ ថែមទាំងជាកាតព្វកិច្ចរបស់ប្រទេសរីកចម្រើន ដែលជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ប្រការនោះមិនត្រឹមតែលើកកំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីសមត្ថភាពរបស់យុទ្ធជនកងទ័ព និងយុទ្ធជននគរបាលវៀតណាម លើកកំពស់រូបភាពយុទ្ធជនវៀតណាមក្នុងសម័យសន្តិភាព៕