សហរដ្ឋអាមេរិកនិងគោលនយោបាយដ៏ប្រញាប់ប្រញាល់មុនពេលផ្ទេរអំណាច
(VOVWORLD) - មុនពេលផ្ទេរអំណាចនៅថ្ងៃទី ២០ ខែមករា សហរដ្ឋអាមេរិកកំពុងប្រញាប់ប្រញាល់អនុវត្តន៍គោលនយោបាយកិច្ចបរទេស និងកិច្ចការផ្ទៃក្នុងគួរឱ្យកត់សម្គាល់ជាច្រើន។ កាយវិកាទាំងនេះបង្ហាញថារដ្ឋបាល Joe Biden កំពុងខិតខំការពារកេរ្តិ៍ដំណែលរបស់ខ្លួន និងកាត់បន្ថយផលប៉ះពាល់ដែលមិនអាចទាយទុកជាមុនបាន មកពីរដ្ឋាភិបាលថ្មីរបស់ លោក Donald Trump។
ការប្រកាសកញ្ចប់ជំនួយសន្តិសុខថ្មីចំនួន ២,៥ ពាន់លានដុល្លារអាមេរិកសម្រាប់អ៊ុយក្រែន ចេញក្រឹត្យលើកលែងទោសដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ហាមឃាត់ការខួងរកប្រេងឧស្ម័ននៅឯនាយសមុទ្រ...ក្នុងប៉ុន្មានថ្ងៃកន្លងមក រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden កំពុងប្រញាប់ប្រញាល់ដាក់ចេញនូវគោលនយោបាយគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់។
ប្រធានាធិបតីអាមេរិកនាបច្ចុប្បន្ន លោក Joe Biden (ស្តាំ) ជួបជាមួយប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump នៅសេតវិមាន កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។
(រូបថត៖ REUTERS/TTXVN) |
ការពង្រឹងកេរ្តិ៍ដំណែលកិច្ចការបរទេស
កញ្ចប់ជំនួយសន្តិសុខចំនួន ២,៥ ពាន់លានដុល្លារអាមេរិកសម្រាប់អ៊ុយក្រែនកាលពីថ្ងៃទី ៣០ ខែធ្នូ គឺជាកញ្ចប់ជំនួយដ៏ធំទីបីដែលអាជ្ញាធររបស់លោកប្រធានាធិបតី Joe Biden បានផ្តល់ដល់អ៊ុយក្រែនចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីដើមខែវិច្ឆិកាឆ្នាំមុន ដោយជ័យជម្នះមកលើលោក Donald Trump។ កញ្ចប់ជំនួយទាំងនេះ ដែលមានតម្លៃសរុបរហូតដល់ ៦ ពាន់លានដុល្លារអាមេរិក ដូចការសន្យារបស់ទីក្រុងវ៉ាស៊ីនតោន នឹងអនុញ្ញាតឱ្យមន្ទីរបញ្ចកោណបន្តផ្តល់អាវុធសំខាន់ៗជាច្រើនដល់អ៊ុយក្រែន មុនពេលផ្ទេរអំណាចនៅសហរដ្ឋអាមេរិក ក្នុងបរិបទដែលប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បានប្រកាសជាសាធារណៈជាច្រើនលើកច្រើនសារថា លោកនឹងដាក់កំហិត ឬសូម្បីតែបញ្ចប់ការផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនភ្លាមៗបន្ទាប់ពីចូលកាន់តំណែង តាមនោះដាក់សម្ពាធលើគ្រប់ភាគីឱ្យអង្គុយនៅតុចរចាដើម្បីបញ្ចប់ជម្លោះ។
ក្រៅពីអ៊ុយក្រែន រដ្ឋបាលរបស់លោក Joe Biden ក៏កំពុងខិតខំប្រឹងប្រែងបង្កើតកេរ្តិ៍ដំណែលកិច្ចការបរទេសផ្សេងទៀត។ បន្ទាប់ពីរួមជាមួយប្រទេសបារាំង ជំរុញឲ្យមានបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ នៅក្នុងប្រទេសលីបង់ នៅចុងខែវិច្ឆិកាឆ្នាំមុន អាទិភាពបច្ចុប្បន្នរបស់អាមេរិកនៅមជ្ឈិមបូព៌ា គឺសម្រេចបានបទឈប់បាញ់នៅហ្គាហ្សា រវាងអ៊ីស្រាអែល និងចលនាហាម៉ាស។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទទួលស្គាល់កាលពីថ្ងៃទី ៦ ខែមករាថា សហរដ្ឋអាមេរិកពិតជាចង់សម្រេចបាននូវគោលដៅនេះ មុនពេលផ្ទេរអំណាច។ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិកក៏បានធ្វើដំណើរទស្សនកិច្ចចុងក្រោយ ទៅកាន់អាស៊ីបូព៌ា ដើម្បីពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តសំខាន់ទាំងពីរ គឺជប៉ុន និងកូរ៉េខាងត្បូង ក្នុងបរិបទដែលអស្ថិរភាពនយោបាយដែលរីករាលដាលនៅក្នុងប្រទេសកូរ៉េខាងត្បូង កំពុងគំរាមកំហែងដល់កេរ្តិ៍ដំណែលមួយក្នុងចំណោមកេរ្តិ៍ដំណែលគោលនយោបាយកិច្ចការបរទេសដ៏ធំបំផុត របស់អាជ្ញាធរលោក Joe Biden ក្នុងប៉ុន្មានឆ្នាំកន្លងមក នៅអាស៊ីប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមានប្រសាសន៍ថា៖
“យើងទាំងអស់គ្នាដឹងថា ទោះបីជាអាមេរិកកំពុងស្ថិតក្នុងដំណាក់កាលផ្ទេរអំណាចក៏ដោយ ប៉ុន្តែពិភពលោកមិនឈរទ្រឹង និងរង់ចាំការផ្ទេរអំណាចនៅអាមេរិកនោះទេ។ មានបញ្ហាសំខាន់ៗជាច្រើននៅក្នុងរបៀបវារៈដែលបានដាក់ចេញ ហើយយើងខ្ញុំកំពុងពិនិត្យមើលយ៉ាងដិតដល់ទៅលើស្ថានភាពបច្ចុប្បន្ន និងអ្វីៗដែលយើងខ្ញុំត្រូវតែបន្តអនុវត្តន៍”។
ជំរុញអាទិភាពក្នុងស្រុក
មិនត្រឹមតែខិតខំពង្រឹងកេរ្តិ៍ដំណែលកិច្ចការបរទេសប៉ុណ្ណោះទេ រដ្ឋបាលអាមេរិកបច្ចុប្បន្នក៏កំពុងជំរុញអាទិភាពក្នុងស្រុកចុងក្រោយមុនពេលផ្ទេរអំណាចផងដែរ។ កាលពីថ្ងៃទី ៦ ខែមករា លោកប្រធានាធិបតី Joe Biden បានចេញក្រឹត្យហាមប្រាមការខួងរកប្រេងឧស្ម័ននៅតាមតំបន់សមុទ្រដ៏ធំល្វឹងល្វើយនានា នៃអាត្លង់ទិក និងប៉ាស៊ីហ្វិក ក៏ដូចជាដែនទឹកសហរដ្ឋមួយចំនួនទៀត ដើម្បីការពារផ្ទៃដីជាង ២៥៣ លានហិកតា។ ដោយពន្យល់ពីការសម្រេចចិត្តនេះ លោក Joe Biden បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារឆ្នេរសមុទ្ររបស់អាមេរិកក្នុងបរិបទនៃវិបត្តិអាកាសធាតុ និងដំណើរការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចដោយប្រើប្រាស់ថាមពលស្អាត។
ការចេញបទហាមប្រាមនៅពេលវេលានេះក៏បង្ហាញផងដែរថា លោក Joe Biden កំពុងខិតខំប្រឹងប្រែងការពារកេរ្តិ៍ដំណែលសេដ្ឋកិច្ច និងបរិស្ថានរបស់ខ្លួន ដែលលោកបានទទួលស្គាល់ផ្ទាល់ខ្លួននៅពេលចូលរួមក្នុងកិច្ចពិភាក្សាគោលនយោបាយនៅឯវិទ្យាស្ថាន Brookings កាលពីចុងឆ្នាំមុន។
"សេដ្ឋវិទូភាគច្រើនយល់ស្របថា រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកនឹងទទួលមរតកនូវសេដ្ឋកិច្ចដ៏រឹងមាំគួរសមមួយ យ៉ាងហោចណាស់ក្នុងពេលវេលានេះ។ សេដ្ឋកិច្ចអាមេរិកបានឆ្លងកាត់ការផ្លាស់ប្តូរសំខាន់ៗដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កំណើនប្រកបដោយនិរន្តរភាព ទូលំទូលាយ និងផលិតភាពខ្ពស់។ ខ្ញុំសង្ឃឹមថា អាជ្ញាធរថ្មីនឹងការពារ និងពង្រីកវឌ្ឍនភាពទាំងនេះ”។
វិស័យមួយចំនួនផ្សេងទៀតនៅសហរដ្ឋអាមេរិកក៏កំពុងឃើញការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗផងដែរ។ នៅថ្ងៃទី ២៤ ខែធ្នូ លោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាចេញផ្សាយច្បាប់ចំនួន ៥០ ក្នុងនោះមានការទទួលស្គាល់ឥន្ទ្រីទំពែកជានិមិត្តរូបផ្លូវការរបស់ប្រទេសជាតិ ហើយសមាជិកសភានឹងមិនទទួលបានប្រាក់សោធននិវត្តន៍ប្រសិនបើពួកគេប្រព្រឹត្តបទល្មើស។ លោកប្រធានាធិបតី Biden ក៏បានបង្កើតស្តង់ដារសហរដ្ឋប្រឆាំងការធ្វើបាបជាលើកដំបូង សំដៅដោះស្រាយអំពើហិង្សា និងការស្លាប់នៅគ្រឹះស្ថានឧត្តមសិក្សា។ នៅថ្ងៃទី ១២ ខែធ្នូ លោក Joe Biden បានបន្ធូរបន្ថយទោសឲ្យមនុស្សជិត ១៥០០ នាក់ដែលស្ថិតនៅក្រោមការបង្ខាំងក្នុងផ្ទះ បន្ទាប់ពីត្រូវបានកាត់ទោសដាក់ពន្ធនាគារក្នុងអំឡុងពេលមានជំងឺរាតត្បាត COVID-១៩ ព្រមទាំងបានលើកលែងទោសឲ្យឧក្រិដ្ឋជនអហឹង្សាចំនួន ៣៩ នាក់ដែលមិនទាក់ទងនឹងការប្រើប្រាស់កម្លាំង ឬបង្ករបួសដល់មនុស្សផ្សេងទៀត។ នេះគឺជាការបន្ធូរបន្ថយទោស និងការលើកលែងទោសក្នុងមួយថ្ងៃដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកសម័យទំនើប៕