(VOVWORLD) - ព្រឹត្តិការណ៍និងបញ្ហាអន្តរជាតិលេចធ្លោទាំង ៨ ក្នុងឆ្នាំ ២០២៤ ដែលបានជ្រើសរើសដោយវិទ្យុសំឡេងវៀតណាម (VOV)
១. លោក Donald Trump យកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកដ៏គួរឱ្យកត់សម្គាល់
លោក Donald Trump បានក្លាយជាប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិក។ រូបថត៖ រ៉យទ័រ |
ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២៤ បានបញ្ចប់ជាមួយនឹងជ័យជម្នះលើសលុបរបស់លោក Donald Trump ហើយទន្ទឹមនឹងនោះ គណបក្សសាធារណរដ្ឋទទួលបានការគ្រប់គ្រងទាំងព្រឹទ្ធសភា និងសភាតំណាងរាស្រ្ត។ នេះជាការបោះឆ្នោតប្រធានាធិបតីដ៏តានតឹងបំផុតមួយក្នុងប្រវត្តិសាស្ត្រអាមេរិក។ ប្រធានាធិបតីដែលកំពុងកាន់អំណាចលោក Joe Biden ត្រូវបានគណបក្សប្រជាធិបតេយ្យដាក់សម្ពាធឱ្យដកខ្លួនចេញពីការបោះឆ្នោត ដោយបើកផ្លូវឱ្យអនុប្រធានាធិបតី លោកស្រី Kamala Harris ។ លោក Donald Trump ត្រូវបានធ្វើឃាតដោយបរាជ័យជាច្រើនដង។ ប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិកត្រូវបានរំពឹងថានឹងមានការផ្លាស់ប្តូរសំខាន់ៗក្នុងគោលនយោបាយកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេស ក្នុងនោះ រួមមាន៖ ការពន្លឿនដំណើរការនិរទេសជនអន្តោប្រវេសន៍; កែទម្រង់យ៉ាងខ្លាំងនូវក្បាលម៉ាស៊ីនរដ្ឋាភិបាល; ដាក់សម្ពាធដើម្បីបញ្ឈប់ជម្លោះនៅអ៊ុយក្រែន និងតំបន់ហ្គាហ្សា; តម្រង់ទិសឡើងវិញនូវទំនាក់ទំនងជាមួយប្រទេសសម្ព័ន្ធមិត្តប្រពៃណីមួយចំនួនជាដើម។
២. អស្ថិរភាពកើនឡើងនៅមជ្ឈិមបូព៌ា; រដ្ឋាភិបាលស៊ីរីដួលរលំ
អស្ថេរភាពនៅមជ្ឈិមបូព៌ា។ រូបថត៖ រ៉យទ័រ |
ជម្លោះរវាងអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស និងក្រុមហេសបូឡាបានបន្តកើនឡើង ដោយមិនមានសញ្ញាបន្ថយកម្តៅនោះទេ។ នៅចុងឆ្នាំ ២០២៤ មានមនុស្សជាង ៤៤.០០០នាក់បានស្លាប់នៅតំបន់ហ្គាហ្សា ដែលភាគច្រើនជាជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង ហើយការខាតបង់សេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានរហូតដល់ ១៨ ពាន់លានដុល្លារអាមេរិក។ ជម្លោះមិនត្រឹមតែនៅក្នុងតំបន់ហ្គាហ្សានោះទេ ប៉ុន្តែក៏បានរីករាលដាលដល់ប្រទេសលីបង់ អ៊ីរ៉ង់ យេម៉ែន និងកន្លែងជាច្រើនទៀតបន្ទាប់ពីការធ្វើឃាតមេដឹកនាំជាន់ខ្ពស់នៃក្រុមហាម៉ាស់និងហេសបូឡា ដែលនាំឱ្យមានការសងសឹកគ្នាទៅវិញទៅមក។ ជាពិសេស អ៊ីរ៉ង់ និងអ៊ីស្រាអែល បានបើកការវាយប្រហារលើទឹកដីរបស់គ្នាទៅវិញទៅមក ជាលើកដំបូង។ នៅចុងឆ្នាំ ២០២៤ រដ្ឋាភិបាលរបស់លោក Bashar al-Assad នៅក្នុងប្រទេសស៊ីរី បានដួលរលំគួរឲ្យភ្ញាក់ផ្អើល ជារបត់ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តទំនើបរបស់ប្រទេសស៊ីរី និងបង្កើតស្ថានភាពថ្មីមួយនៅក្នុងតុល្យភាពនៃអំណាចនៅមជ្ឈិមបូព៌ា នៅពេលដែលប្រទេសដូចជា ទួរគី អាមេរិក អ៊ីស្រាអែល រុស្ស៊ី និងអ៊ីរ៉ង់ ស្វែងរកគ្រប់មធ្យោបាយដើម្បីបង្កើនផលប្រយោជន៍របស់ខ្លួន ក្នុងស្ថានភាពថ្មី។
3. BRICS បញ្ចូលសមាជិកថ្មី ដោយពង្រីកឥទ្ធិពលរបស់ខ្លួន
BRICS បញ្ចូលសមាជិកថ្មី ដោយពង្រីកឥទ្ធិពលរបស់ខ្លួន។ រូបថត៖ Reuters |
ក្រុមសេដ្ឋកិច្ចរីកចម្រើនទើបលេចចេញ- BRICS បានបញ្ចូលប្រទេសអេហ្ស៊ីប អ៊ីរ៉ង់ អេត្យូពី និងអារ៉ាប់រួម (UAE)ជាសមាជិករបស់ខ្លួន ក្នុងឆ្នាំ ២០២៤ មិនត្រឹមតែឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររចនាសម្ព័ន្ធរបស់ប្លុកប៉ុណ្ណោះទេ ថែមទាំងមានសារៈសំខាន់សម្រាប់យុទ្ធសាស្ត្រសេដ្ឋកិច្ច និងនយោបាយពិភពលោកទៀតផង។ ការពង្រីក BRICS បានបង្កើនអត្រាគ្រប់គ្រង GDP សកល តាមរយៈកម្លាំងទិញដោយស្មើគ្នា (PPP) ដល់ ៣៥% លើសពី G7 ។ ការចូលរួមរបស់ប្រទេសសម្បូរធនធានដូចជាអ៊ីរ៉ង់ និង UAE ក៏បង្កើនឋានៈរបស់ BRICS ក្នុងវិស័យថាមពលផងដែរ នៅពេលដែលប្លុកនេះគ្រប់គ្រងជិត ៥០% នៃទិន្នផលប្រេងពិភពលោក។ BRICS កំពុងក្លាយជាកម្លាំងភូមិសាស្ត្រនយោបាយ ដោយបង្កើតទម្ងន់ប្រឆាំងនឹងស្ថាប័នដែលដឹកនាំដោយសហរដ្ឋអាមេរិក និងលោកខាងលិច (G៧, IMF, WB)។ ការពង្រីកនេះ បញ្ជាក់ពីមហិច្ឆតារបស់ BRICS ក្នុងការកសាងសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល ដែលមានសមធម៌ជាងមុន ឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវសំឡេងរបស់ប្រទេសកំពុងអភិវឌ្ឍន៍។
៤. ជម្លោះរុស្ស៊ី-អ៊ុយក្រែនឡើងជណ្ដើរ ដល់ចំណុចរបត់ថ្មី
ជម្លោះរុស្ស៊ី-អ៊ុយក្រែនបន្តឡើងជណ្ឌើរ នៅឆ្នាំ២០២៤។ រូបថត៖ Reuters |
ជម្លោះរុស្ស៊ី-អ៊ុយក្រែនក្នុងឆ្នាំ២០២៤ មានការវិវឌ្ឍន៍ឈានដល់ចំណុចរបត់ថ្មី។ ការវាយឆ្មក់របស់អ៊ុយក្រែនលើខេត្ត Kursk នៅដើមខែសីហា ឆ្នាំ ២០២៤ គឺជាលើកទីមួយចាប់តាំងពីសង្គ្រាមលោកលើកទី ២ ដែលទឹកដីរុស្ស៊ីរងការឈ្លានពានដោយកងទ័ពបរទេស។ បន្ទាប់មក លោកខាងលិចបានចោទប្រកាន់កងទ័ពស.ប.ប.កូរ៉េថា មានវត្តមាននៅក្នុងប្រទេសរុស្ស៊ី ហើយបានដកការរឹតបន្តឹងដោយអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី។ ជាការឆ្លើយតប រុស្ស៊ីបានកែប្រែទ្រឹស្តីនុយក្លេអ៊ែររបស់ខ្លួន ដែលបានបន្ថយកម្រិតឱ្យរុស្ស៊ីប្រើប្រាស់អាវុធនុយក្លេអ៊ែរ បើទោះបីជារងការវាយប្រហារដោយអាវុធធម្មតាក៏ដោយ។ រុស្ស៊ីក៏បានប្រើប្រាស់មីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យមថ្មីមួយ មានឈ្មោះថា Oreshnik ជាលើកដំបូង ដើម្បីគំរាមកំហែងអ៊ុយក្រែននិងលោកខាងលិច។ ចំណុចរបត់អាចបង្កឱ្យមានជម្លោះដោយផ្ទាល់រវាងរុស្ស៊ី និងណាតូ ប៉ុន្តែម្យ៉ាងវិញទៀតក៏នឹងបង្កើនសម្ពាធលើគ្រប់ភាគីពាក់ព័ន្ធ ក្នុងការត្រូវរកវិធីអត់ថ្មត់ ការប្រព្រឹត្តិប្រកបដោយទំនួលខុសត្រូវ និងឆ្ពោះទៅរកដំណោះសន្តិភាព។
៥. សេដ្ឋកិច្ចពិភពលោកជំនះលើឧបសគ្គជាបណ្ដើរៗ
សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៤ រក្សាបាននូវកម្រិតស្ថិរភាព បើទោះបីជាមានបញ្ហាប្រឈមជាច្រើនក៏ដោយ។ រូបថត៖ រ៉យទ័រ |
សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៤ រក្សាបាននូវកម្រិតស្ថិរភាព ទោះបីជាប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនពីការប្រែប្រួលភូមិសាស្ត្រនយោបាយ ការអាក់ខានដល់លំហូរពាណិជ្ជកម្មនៅក្នុងតំបន់មួយចំនួន និងការរៀបចំឡើងវិញនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ខឿនសេដ្ឋកិច្ចធំ ៗ ដូចជាសហរដ្ឋអាមេរិកនិងចិនបានកត់ត្រាកំណើន ហើយការប្រយុទ្ធប្រឆាំងនឹងអតិផរណាទទួលបានលទ្ធផលវិជ្ជមាននៅក្នុងសហរដ្ឋអាមេរិក តំបន់ចាយប្រាក់អឺរ៉ូ - Eurozone និងចក្រភពអង់គ្លេស ជួយឲ្យធនាគារធំៗនៅលើពិភពលោកមានទំនុកចិត្តក្នុងការចាប់ផ្តើមដំណើរការកាត់បន្ថយអត្រាការប្រាក់ ដោយបង្កើនយ៉ាងខ្លាំងនូវយថាទស្សន៍កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៥។ ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចពិភពលោកនៅតែប្រឈមមុខនឹងបញ្ហាធំៗ ក្នុងរយៈពេលមធ្យម ដោយសារតែអស្ថិរភាពភូមិសាស្ត្រនយោបាយទាក់ទងនឹងជម្លោះធំៗក៏ដូចជាស្ថានភាពមិនអាចទាយទុកជាមុនបាននៃគោលនយោបាយពីរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក។
៦. អស្ថិរភាពក្នុងឆាកនយោបាយកូរ៉េខាងត្បូង អាល្លឺម៉ង់ និងបារាំង
អស្ថិរភាពក្នុងឆាកនយោបាយកូរ៉េខាងត្បូង អាល្លឺម៉ង់ និងបារាំង។ |
នៅឆ្នាំ ២០២៤ កូរ៉េខាងត្បូងបានជួបប្រទះវិបត្តិនយោបាយដ៏ធំបំផុតក្នុងប៉ុន្មានទសវត្សរ៍កន្លងមក។ នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៤ លោកប្រធានាធិបតី Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹកដោយហេតុផល ឆ្លើយតបទៅនឹង "កងកម្លាំងប្រឆាំងបំផ្លិចបំផ្លាញរដ្ឋ" ។ សកម្មភាពនេះបានធ្វើឱ្យប្រធានាធិបតី Yoon Suk-yeol ត្រូវបានសភាជាតិកូរ៉េខាងត្បូងចោទប្រកាន់ ចំពោះ "អំពើបះបោរបំផ្លាញសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ" ។ មន្ត្រីជាន់ខ្ពស់ជាច្រើននៅក្នុងរដ្ឋបាលរបស់លោក Yoon Suk Yeol រួមទាំងរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong Hyun ត្រូវបានចាប់ខ្លួន។ នៅប្រទេសអាឡឺម៉ង់វិញ រដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្ត្រី Olaf Scholz បានដួលរលំនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ ដោយបង្ខំឱ្យប្រទេសអាល្លឺម៉ង់រៀបចំការបោះឆ្នោតសកលមុនដំណាច់ខែកុម្ភៈ ឆ្នាំ ២០២៥។ នៅប្រទេសបារាំង ប្រធានាធិបតី លោក Emmanuel Macron បានរំលាយសភានៅដើមខែមិថុនា ឆ្នាំ ២០២៤ ដែលនាំឱ្យមានអស្ថិរភាពអូសបន្លាយក្នុងឆាកនយោបាយបារាំង ហើយបន្ទាប់នោះ រដ្ឋាភិបាលរបស់លោក Michel Barniet បានដួលរលំ (ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤) ក្រោយរយៈពេលត្រឹមតែ ៣ ខែប៉ុណ្ណោះ។ កូរ៉េខាងត្បូង អាឡឺម៉ង់ និងបារាំង សុទ្ធតែជា "ខឿនប្រជាធិបតេយ្យ" ដ៏ធំ ហើយអស្ថិរភាពក្នុងប្រទេសទាំងនេះ ជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងនយោបាយក្នុងតំបន់និងលើពិភពលោក។
៧. ពិភពលោកចំណាយយ៉ាងចាស់ដៃ ដើម្បីឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ
នៅឆ្នាំ ២០២៤ ពិភពលោកប្រឈមមុខនឹងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ។ រូបថត៖ រ៉យទ័រ |
នៅឆ្នាំ ២០២៤ ពិភពលោកនៅតែបន្តទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ ដែលបង្ហាញដោយប្រេកង់កាន់តែកើនឡើងនៃបាតុភូតអាកាសធាតុធ្ងន់ធ្ងរដូចជាព្យុះ ទឹកជំនន់ និងរលកកំដៅ។ ព្យុះធំៗ (Yagi, Helene, Milton, Kong-rey) ទឹកជំនន់ជាប្រវត្តិសាស្ត្រក្នុងប្រទេសអេស្ប៉ាញ ឬសីតុណ្ហភាពខ្ពស់កំណត់ត្រានៅអាស៊ីខាងត្បូង... បានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ និងបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចរាប់រយពាន់លានដុល្លារអាមេរិក។ នៅក្នុងសន្និសីទលើកទី ២៩ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ - COP២៩ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ បណ្តាប្រទេសបានយល់ព្រមអនុម័តលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុថ្មីមួយ ដែលត្រូវបានហៅថា "គោលដៅបរិមាណរួមថ្មី" (NCQG)។ តាមនោះ បណ្តាប្រទេសអភិវឌ្ឍន៍បានសន្យារួមវិភាគទានចំនួន ៣០០ ពាន់លានដុល្លា/ឆ្នាំ រហូតដល់ឆ្នាំ ២០៣៥ ដែលខ្ពស់ជាង ៣ដង បើធៀបនឹងការសន្យាមុននោះ (១០០ ពាន់លានដុល្លារ/ឆ្នាំ) ដើម្បីជួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ឆ្លើយតប និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
៨. អូឡាំពិកទីក្រុងប៉ារីសបានបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើន
ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅលើកទី ៣៣ - អូឡាំពិកប៉ារីសឆ្នាំ ២០២៤ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើន។ រូបថត៖ រ៉យទ័រ |
ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែកក្កដាដល់ថ្ងៃទី ១១ ខែសីហានៅទីក្រុងប៉ារីស ប្រទេសបារាំង ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅលើកទី ៣២ - អូឡាំពិកទីក្រុងប៉ារីស ២០២៤ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើន។ នេះជាព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលប្រារព្ធឡើងនៅទីតាំងច្រើនបំផុត រួមទាំងរដ្ឋធានីប៉ារីស ទីក្រុងចំនួន ១៦ និងតំបន់ដែនដីក្រៅប្រទេសរបស់បារាំងនៅប៉ាស៊ីហ្វិកខាងត្បូង (ប៉ូលីណេស៊ី) ដែលមានចម្ងាយជាង ១៥.០០០ គីឡូម៉ែត្រពីប្រទេសបារាំង។ ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសក៏ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រដែលពិធីបើកត្រូវបានរៀបចំឡើងនៅខាងក្រៅកីឡដ្ឋាន តាមបណ្តោយទន្លេ Seine ។ ការប្រកួតកីឡាអូឡាំពិកត្រូវបានរៀបចំឡើងនៅទីតាំងវប្បធម៌និងសិល្បៈ ដោយទទួលបានកំណត់ត្រាពិភពលោកថ្មីជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ក៏បណ្តាលឱ្យមានភាពចម្រូងចម្រាសជាច្រើន ទាក់ទងនឹងសិល្បៈនិងសាសនា យេនឌ័រ ... ឬការងាររៀបចំនិងភស្តុភារនៅក្នុងភូមិអូឡាំពិកផងដែរ៕