លោកជាសមាជិកមជ្ឈិមបក្ស រយៈពេលបួនអាណត្តិជាប់ៗគ្នា ចាប់ពីអាណត្តិទី ១១ ដល់ទី១៤ ជាសមាជិកការិយាល័យនយោបាយរយៈពេលបីអាណត្តិ ចាប់ពីអាណត្តិទី ១២ ដល់ទី១៤; ជាសមាជិករដ្ឋសភារយៈពេលបីអាណត្តិ ចាប់ពីអាណត្តិទី ១៤ ដល់ទី១៦។

បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលានគរបាលមជ្ឈិម ដែលឥឡូវជាវិទ្យាស្ថានសន្តិសុខប្រជា ជន លោកបានបំពេញការងារនៅនាយកដ្ឋានការពារនយោបាយលេខ១ បន្ទាប់មកបានកាន់តំណែងជាបន្តបន្ទាប់ ជាអនុប្រធាននាយកដ្ឋានការពារនយោបាយលេខ១ នាយកនាយកដ្ឋានការពារនយោបាយលេខ ៣ អគ្គនាយកដ្ឋានសន្តិសុខ។ នៅឆ្នាំ ២០០៩ លោកបានក្លាយជាអគ្គនាយកនៃនាយកដ្ឋានសន្តិសុខលេខ ១។

មុនពេលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងនគរបាលពីខែមេសា ឆ្នាំ ២០១៦ លោកបានកាន់ដំណែងជាអនុរដ្ឋមន្ត្រីក្រសួងនគរបាលរយៈពេល ៦ ឆ្នាំ។

នៅដើមឆ្នាំ ២០១៩ លោកត្រូវបានតម្លើងឋានៈជាឧត្តមសេនីយ៍។

នៅខែឧសភា ឆ្នាំ ២០២៤ លោកត្រូវបានរដ្ឋសភាជ្រើសតាំងជាប្រធានរដ្ឋ។ បីខែក្រោយមក លោកត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣ ជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាម។ លោកបានកាន់តំណែងទាំងពីរក្នុងពេលដំណាលគ្នាក្នុងរយៈពេលខ្លី បន្ទាប់មក បានកាន់តំណែងជាអគ្គលេខាបក្ស ចាប់ពីខែតុលា ឆ្នាំ ២០២៤ រហូតដល់បច្ចុប្បន្ន។

ក្នុងរយៈពេលកន្លងមកនេះ អគ្គលេខាបក្ស លោក តូ ឡឹម រួមជាមួយគណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន បានដឹកនាំ និងចេញផ្សាយគោលនយោបាយសំខាន់ៗជាច្រើន ដោយកំណត់គោលដៅឱ្យវៀតណាមក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមខ្ពស់នៅឆ្នាំ ២០៣០; ជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។

ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស តូ ឡឹម វៀតណាមបានអនុវត្តការរៀបចំរចនាសម្ព័ន្ធ និងការបង្រួមក្បាលម៉ាស៊ីនដឹកនាំទូទាំងប្រទេស។ នៅឆ្នាំ ២០២៥ ស្ថាប័នជាច្រើនត្រូវបានរួមបញ្ចូលគ្នា ហើយចំនួនអង្គភាពរដ្ឋបាលត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ ចំនួនខេត្ត និងក្រុងទូទាំងប្រទេសបានថយចុះពី ៦៣ មកត្រឹម ៣៤។ ចំនួនឃុំ និងសង្កាត់ត្រូវបានកាត់បន្ថយមកត្រឹម ៣.៣២១ ហើយកម្រិតខ័ណ្ឌ ស្រុកត្រូវបានលុបចោល។ រួមជាមួយគ្នានេះ សេចក្តីសម្រេចជាច្រើនរបស់ការិយាល័យនយោបាយត្រូវបានចេញផ្សាយ ទាក់ទងនឹងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វិស័យសេដ្ឋកិច្ចឯកជន គោលនយោបាយសុខុមាលភាពសង្គម វប្បធម៌ និងការកែលម្អស្ថាប័នច្បាប់។

លោកអគ្គលេខាបក្សតូ ឡឹម ក៏បានដឹកនាំការពង្រឹងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងការខ្ជះខ្ជាយ ដោយសង្កត់ធ្ងន់ថា គ្មានតំបន់ហាមឃាត់ និងគ្មានករណីលើកលែងនោះទេ ខណៈពេលដែលធានានូវគោលការណ៍យកច្បាប់ជាចម្បង។ ក្នុងវិស័យកិច្ចការបរទេស លោកមានដំណើរទស្សនកិច្ចជាច្រើន ដោយរួមចំណែកដល់ការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរបស់វៀតណាមជាមួយប្រទេស និងអង្គការអន្តរជាតិដទៃទៀត។ ទាំងនេះ រួមមានដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក បារាំង ចក្រភពអង់គ្លេស ឥណ្ឌូនេស៊ី សិង្ហបុរី និងសកម្មភាពនានានៅអង្គការសហប្រជាជាតិ។

ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស តូ ឡឹម គណៈកម្មាធិការមជ្ឈិម នីតិកាលទី ១៣ បានរៀបចំប្រកបដោយជោគជ័យ មហាសន្និបាតបក្សលើកទី១៤ នៅដើមឆ្នាំនេះ។ មហាសន្និបាតបានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការមជ្ឈិមចំនួន ២០០នាក់។ គណៈកម្មាធិការមជ្ឈិមថ្មីបានជ្រើសរើសសមាជិក ១៩នាក់ ទៅក្នុងការិយាល័យនយោបាយ នីតិកាលទី ១៤ និងបានជ្រើសតាំងលោក បន្តកាន់ដំណែងអគ្គលេខាបក្ស៕