អញ្ជើញទទួលគណៈប្រតិភូមានលោកស្រី ទូច សុផារ័ត្ន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសវៀតណាម និងមន្ត្រីនៃស្ថានទូត។

ក្នុងជំនួបនេះ លោកស្រី ផ កឹម ហ័រ ប្រធាននាយកដ្ឋានកិច្ចការបរទេស (VOV5) បានថ្លែងថា VOV5 បច្ចុប្បន្នគឺជាប៉ុស្តិ៍វិទ្យុការបរទេសជាតិដែលមានពហុភាសាច្រើនជាងគេបំផុតនៅក្នុងប្រទេសវៀតណាម ដោយផ្សាយនិងបង្ហោះព័ត៌មានជាភាសាបរទេសចំនួន ១២ ក្នុងនោះមានភាសាខ្មែរ និងកម្មវិធីមួយជាភាសាវៀតណាម ដោយនាំមកនូវព័ត៌មានដ៏ទូលំទូលាយអំពីប្រទេសវៀតណាមដល់មិត្តភក្តិអន្តរជាតិ និងសហគមន៍ប្រជាជនវៀត ណាមជាង ៦ លាននាក់នៅបរទេស។

ទាក់ទងនឹងការផ្ទេរស្ថាប័នប្រព័ន្ធផ្សព្វផ្សាយជាតិចំនួនបី រួមមាន ទូរទស្សន៍វៀតណាម (VTV) វិទ្យុសំឡេងវៀតណាម (VOV) និងទីភ្នាក់ងារព័ត៌មានវៀតណាម (VNA) ទៅកាន់អង្គភាពក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាម លោកស្រី ផ កឹម ហ័រ បានថ្លែងថា នាពេលខាងមុខ VOV ជាទូទៅ និង VOV5 ជាពិសេស នឹងបន្តលើកកម្ពស់ការអនុវត្តការផ្លាស់ប្តូរឌីជីថល និងផលិតកម្មវិធីដោយប្រើប្រាស់វិធីសាស្រ្ត និងខ្លឹមសារទំនើបៗ ដើម្បីព័ត៌មានអាចទៅដល់ទស្សនិកជនទាំងក្នុងស្រុក និងអន្តរជាតិ រួមទាំងប្រទេសកម្ពុជា។ លោកស្រី ផ កឹម ហ័រ បានសម្តែងក្តីសង្ឃឹមថា នាពេលអនាគត ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម នឹងពង្រឹងការសម្របសម្រួល និងការផ្លាស់ប្តូរព័ត៌មានជាមួយនាយកដ្ឋានកិច្ចការបរទេស ជាពិសេសក្នុងឱកាសខួបលើកទី ៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២៧)។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៦ លោកស្រី ផ កឹម ហ័រ ប្រធាននាយកដ្ឋានកិច្ចការបរទេស បានជូនពរឆ្នាំថ្មីដល់លោកស្រីឯកអគ្គរាជទូត ទូច សុផារ័ត្ន ​​និងមន្ត្រីនៃស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម និងក្រុមគ្រួសារនូវសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។

ជាការឆ្លើយតប លោកស្រីឯកអគ្គរាជទូត ទូច សុផារ័ត្ន បានថ្លែងអំណរគុណដល់គណៈប្រតិភូចំពោះការជូនពរ និងមនោសញ្ជេតនារបស់ប្រតិភូចំពោះមន្ត្រី បុគ្គលិកនៃស្ថានទូតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។ លោកស្រី ឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ VOV5 ដែលមានការផ្សាយព័ត៌មានជាភាសាបរទេសចំនួន ១២ ក្នុងការរួមចំណែកផ្សព្វផ្សាយព័ត៌មាន និងរូបភាពនៃប្រទេសវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ ក្នុងនោះមានប្រទេសកម្ពុជាដែលជាប្រទេសភូមិផង។ លោកស្រីឯកអគ្គរាជទូត ទូច សុផារ័ត្ន បានសម្តែងនូវបំណងប្រាថ្នា និងការត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយ VOV5 និងអង្គភាព VOV ផ្សេងទៀត ដោយធ្វើការរួមចំណែកជាក់ស្តែងឆ្ពោះទៅ ខួបអនុស្សាវរីយ៍លើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាការលើកកម្ពស់ទំនាក់ទំនងល្អរវាងវៀតណាម និងកម្ពុជានាពេលអនាគត៕