បន្ទាប់ពីត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំង អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញស្បថចូលកាន់តំណែង។

“ក្រោមទង់ជាតិក្រហមផ្កាយមាសដ៏ពិសិដ្ឋនៃមាតុភូមិ នៅចំពោះមុខរដ្ឋសភា ជនរួមជាតិ និងអ្នកបោះឆ្នោត ខ្ញុំ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សូមស្បថ នឹងស្មោះត្រង់ដាច់ខាតចំពោះមាតុភូមិ ចំពោះប្រជាជន និងចំពោះរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ខ្ញុំនឹងខិតខំបំពេញភារកិច្ចទាំងអស់ដែល បក្ស រដ្ឋ និងប្រជាជនប្រគល់ជូន”។

នៅក្នុងសុន្ទរកថាស្បថចូលកាន់តំណែង លោកអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានចែករំលែកថា ការទទួលដំណែងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គឺជាកិត្តិយសដ៏ធំធេង ជាការទទួលខុសត្រូវ និងកាតព្វកិច្ចដ៏ខ្ពង់ខ្ពាស់និងថ្លៃថ្នូរ ហើយក៏ជាការជឿទុកចិត្ត និងការរំពឹងទុករបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលចំពោះប្រមុខបក្ស និងរដ្ឋ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹមបានមានប្រសាសន៍ថា “អាទិភាពចម្បងរបស់ខ្ញុំក្នុងនាមជាអគ្គលេខាបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គឺរក្សាបរិយាកាសសន្តិភាពនិងស្ថិរភាព ជំរុញប្រទេសជាតិឲ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនលើគ្រប់ទិដ្ឋភាព ដើម្បីឱ្យប្រជាជនអាចរីករាយទទួលផ្លែផ្កានៃការអភិវឌ្ឍ និងបង្កើនការចូលរួមចំណែករបស់វៀតណាមចំពោះសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវឌ្ឍនភាពនៅក្នុងតំបន់ និងពិភពលោក។ រួមគ្នាជាមួយបក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូល យើងនឹងផ្តោតលើការកសាងរដ្ឋនីតិរដ្ឋសង្គមនិយម ការកសាងសេដ្ឋកិច្ចដែលពឹងផ្អែកលើខ្លួនឯង គ្រប់គ្រាន់ដោយខ្លួនឯង ប្រព័ន្ធការពារជាតិ និងសន្តិសុខដ៏ទូលំទូលាយ និងទំនើប ប្រព័ន្ធនយោបាយដែលមានប្រសិទ្ធភាព និងសង្គមដែលមានការអភិវឌ្ឍ សាមគ្គីភាព វប្បធម៌ និងមនុស្សសាស្ត្រ”។

នៅព្រឹកថ្ងៃទី ៧ខែមេសា រដ្ឋសភាបានបោះឆ្នោតអនុម័តសេចក្តីសម្រេចស្តីពីរចនាសម្ព័ន្ធអង្គការរបស់រដ្ឋាភិបាលសម្រាប់អាណត្តិ ២០២៦-២០៣១៕