ក្នុងនោះ រដ្ឋបាលអ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ១១០នាក់។ អ្នកទោសប៉ាឡេស្ទីនត្រូវបានដោះលែងពីពន្ធនាគារ Ofer នៅតំបន់ West Bank តែប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំងហាម៉ាសនៅតំបន់ហ្គាហ្សាបានផ្ទេរចំណាប់ខ្មាំងអ៊ីស្រាអែល ៣ នាក់ និងចំណាប់ខ្មាំងថៃចំនួន ៥ នាក់ ទៅកាន់កាកបាទក្រហមអន្តរជាតិ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍នាយប់ថ្ងៃទី៣០ ខែមករាថា ចំណាប់ខ្មាំងទាំង ៣នាក់ ដែលជាពលរដ្ឋប្រទេសនេះ ត្រូវបានផ្ទេរទៅប្រទេសវិញ បានបញ្ចប់ការពិនិត្យសុខភាពនិងបានជួបជុំជាមួយក្រុមគ្រួសារហើយ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានផ្ញើសារជាវីដេអូអបអរសាទរចំណាប់ខ្មាំងដែលបានវិលត្រឡប់មកប្រទេសវិញ។
ដំណាក់កាលទី ១ នៃបទឈប់បាញ់មានរយៈពេល ៦០ ថ្ងៃជាមួយនឹងចំណាប់ខ្មាំងអ៊ីស្រាអែលសរុបចំនួន ៣៣ នាក់ដែលក្រុមហាម៉ាស់បានសន្យានឹងដោះលែង ក្នុងនោះមានចំណាប់ខ្មាំង ២៥ នាក់ដែលនៅរស់។ រហូតមកដល់ពេលនេះ តាមរយៈការដោះដូរចំនួន ៣លើក ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងសរុបចំនួន ១១ នាក់ដែលនៅរស់។ ការដោះលែងចំណាប់ខ្មាំងថៃ ៥នាក់កាលពីថ្ងៃ៣០ ត្រូវបានចាត់ទុកថា នៅក្រៅការសន្យាផ្លាស់ប្តូរចំណាប់ខ្មាំងរវាងភាគីទាំងពីរ៕
