យោងតាមមន្ត្រីរូបនេះ ទំនិញ និងជំនួយពីប្រទេសហ្ស៊កដានី នឹងត្រូវបានអនុញ្ញាតឱ្យចូលទៅតំបន់ West Bank និងតំបន់ហ្គាហ្សា “ក្រោមការណែនាំ និងការយល់ព្រមពីរដ្ឋាភិបាលអ៊ីស្រាអែល”។ រថយន្តដឹកទំនិញទាំងអស់ដែលដឹកជំនួយទៅកាន់តំបន់ហ្គាហ្សា នឹងត្រូវបានអមដំណើរ និងការពារបន្ទាប់ពីការត្រួតពិនិត្យសន្តិសុខយ៉ាងតឹងរ៉ឹង។

ច្រកទ្វារព្រំដែននេះ ត្រូវបានភាគីអ៊ីស្រាអែលហៅថា ស្ពាន Allenby ហើយភាគីហ្ស៊កដានីហៅថា ស្ពាននៃស្តេច Hussein។ នេះគឺជាច្រកព្រំដែនតែមួយគត់ដែលអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ West Bank ចូល និងចេញតាមផ្លូវគោក ហើយជាផ្លូវពាណិជ្ជកម្មដ៏សំខាន់សម្រាប់រថយន្តដឹកទំនិញរវាងហ្ស៊កដានី និង West Bank។

នៅក្នុងការវិវឌ្ឍពាក់ព័ន្ធ ក្រសួងការបរទេសចិនបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំត្រីភាគីរវាងមន្ត្រីការទូតចិន ជាមួយមន្ត្រីការទូតអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត នៅទីក្រុង Tehran កាលពីថ្ងៃទី ៩ ខែធ្នូ ប្រទេសទាំងបីបានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើទឹកដីប៉ាឡេស្ទីន លីបង់ និងស៊ីរីជាបន្ទាន់៕