អញ្ជើញថ្លែងនៅក្នុងពិធីបើកតាមរយៈទម្រង់អនឡាញ អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម លោក Ngo Minh Hien បានសង្កត់ធ្ងន់ថា ក្នុងនាមជាភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិឈានមុខគេមួយ របស់វៀតណាម វិទ្យុសសម្លេងវៀតណាមគឺជាសម្លេងដែលគួរឱ្យទុកចិត្ត ដែលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការយោគយល់ និងមិត្តភាពក្នុងចំណោមប្រទេសនានា រួមទាំងតំបន់ឡានឆាង-មេគង្គផងដែរ។

លោក Ngo Minh Hien អគ្គនាយករងវិទ្យុសំឡេងវៀតណាម ថ្លែងនៅក្នុងសន្និសីទ (រូបថត៖ VOV)

“នៅវិទ្យុសម្លេងវៀតណាម យើងខ្ញុំជឿជាក់ថា “ប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃ” មិនត្រឹមតែជាការរីកចម្រើនផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចែករំលែកប្រាជ្ញា ជំនឿ និងតម្លៃផងដែរ។ បញ្ញាសិប្បនិម្មិត (AI) អាចជួយយើងផលិតខ្លឹមសារបានលឿនជាងមុន ទៅដល់ទស្សនិកជនកាន់តែទូលំទូលាយ និងធ្វើឱ្យបទពិសោធន៍ផ្ទាល់ខ្លួនកាន់តែប្រសើរឡើង ប៉ុន្តែបញ្ញារបស់មនុស្សដែលធានាថា ព័ត៌មានតែងតែមានភាពត្រឹមត្រូវ មានក្រមសីលធម៌ និងជម្រុញទឹកចិត្ត។ ក្នុងន័យនេះ ខ្ញុំចង់ចែករំលែកគំនិតខ្លីៗចំនួនបី៖ ទីមួយ ប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃត្រូវតែបម្រើដល់ការតភ្ជាប់រវាងមនុស្សនិងមនុស្ស។ ទីពីរ កិច្ចសហប្រតិបត្តិការនៅក្នុងសហ គមន៍ប្រព័ន្ធផ្សព្វផ្សាយឡានឆាង-មេគង្គ ត្រូវផ្តោតលើការច្នៃប្រឌិតរួមគ្នា; រួមគ្នាអភិវឌ្ឍន៍វេទិកា AI សម្រាប់ការផ្លាស់ប្តូរព័ត៌មានច្រើនភាសា រួមគ្នាផលិតកម្មវិធី។ ទីបី យើងត្រូវតែរួមគ្នាកសាងកន្លែងព័ត៌មានដែលមានទំនួលខុសត្រូវ និងគួរឱ្យទុកចិត្ត”។

នៅក្នុងពិធីបើកផងដែរ គណៈកម្មាធិការរៀបចំបានណែនាំខ្សែភាពយន្តខ្លីចំនួនពីរអំពីកម្មវិធីចម្រៀងមិត្តភាពវៀតណាម-ចិន និងខ្សែភាពយន្តឯកសារ "ផ្លូវអភិវឌ្ឍ" ដែលជាការសហការផលិតរវាងស្ថានីយ៍វិទ្យុនិងទូរទស្សន៍ក្វាងស៊ី និងវិទ្យុសម្លេងវៀតណាមក្នុងឆ្នាំ ២០២៥ ផងដែរ៕