កិច្ចប្រជុំរដ្ឋមន្ត្រីអនុតំបន់មេគង្គបើកទូលាយ (GMS) លើកទី ២៧។ (រូបថត៖ VOV)

នៅក្នុងកិច្ចប្រជុំនេះ ប្រទេសជាសមាជិកបានពិនិត្យឡើងវិញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ GMS រហូតដល់ឆ្នាំ ២០៣០ និងទទួលស្គាល់សមិទ្ធផលជាច្រើនក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល សុខាភិបាល កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ តំបន់ទីក្រុង និងទេសចរណ៍។ ជាពិសេស យុទ្ធសាស្ត្រសហប្រតិបត្តិការថាមពលដំណាក់កាល ២០២៤ - ២០៣០ បានឯកភាពគ្នាលើចក្ខុវិស័យសម្រាប់ការផ្លាស់ប្តូរបៃតង និងសុវត្ថិភាព។ ក្នុងនោះ គំនិតផ្តួចផ្តើមបណ្តាញអគ្គិសនីអាស៊ានដែលបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ ២០២៥ ត្រូវបានចាត់ទុកថា ជាឱកាសដ៏សំខាន់មួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទាក់ទាញការវិនិយោគ។

គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Tran Quoc Phuong បានចែករំលែកគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដោយសង្កត់ធ្ងន់លើតួនាទីនៃវិមជ្ឈការដល់មូលដ្ឋាន និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសាធារណៈ-ឯកជនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលប្រកបដោយចីរភាព។ វៀតណាមបានបញ្ជាក់ថា ខ្លួននឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសជាសមាជិក ជាពិសេសនៅឆ្នាំ ២០២៦ នៅពេលដែលខ្លួនទទួលតួនាទីជាប្រទេសម្ចាស់ផ្ទះ GMS៕