យុគសម័យដ៏រុងរឿងក្រោមការដឹកនាំរបស់បក្ស

(VOVWORLD) - ចំ ៩៥ ឆ្នាំមុន នាថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ អគ្គមគ្គុទេស លោក Nguyen Ai Quoc បានអញ្ជើញធ្វើជាអធិបតីសន្និសីទរួមបញ្ចូលអង្គការកុម្មុយនិស្តចំនួនបីនៅវៀតណាមទៅជាបក្សកុម្មុយនិស្តវៀតណាម។ នេះគឺជាព្រឹត្តិការណ៍ដ៏មហិមារ ជាចំណុចរបត់ដែលបញ្ចប់វិបត្តិក្នុងមាគ៌ាសង្គ្រោះជាតិ និងអង្គការដឹកនាំនៃចលនាស្នេហាជាតិវៀតណាមនៅដើមសតវត្សទី ២០ ហើយក៏ជាចំណុចចាប់ផ្តើមដែលសម្រេចកំណត់ជ័យជំនះនៃបដិវត្តន៍វៀតណាមនិងការអភិវឌ្ឍរបស់ប្រជាជាតិក្នុងដំណាក់កាលក្រោយមកផងដែរ។

យុគសម័យដ៏រុងរឿងក្រោមការដឹកនាំរបស់បក្ស - ảnh 1ក្នុងឱកាសទិវាបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ លោកអគ្គលេខាបក្ស To Lam បានប្រកាសយ៉ាងឱឡារិកថា វៀតណាមបានឈានចូលយុគសម័យនៃការស្ទុះឈានទៅមុខ។
(រូបថត៖ VOV)

បណ្ដាយុគសម័យដ៏រុងរឿង

ក្នុងរយៈពេល៩៥ឆ្នាំមកនេះ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលត្រូវបានបង្កើតឡើង និងបណ្តុះបណ្តាលដោយលោកប្រធានហូជីមិញ ប្រជាជាតិវៀតណាមបានឆ្លងកាត់យុគសម័យដ៏រុងរឿង បើកដំណាក់កាលប្រវត្តិសាស្ត្រសំខាន់ៗក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ និងប្រជាជាតិ ដែលត្រូវបានទទួលស្គាល់ដោយពិភពលោក។

នៅឆ្នាំ ១៩៤៥ បក្សបានដឹកនាំមហាជន ដណ្តើមយករដ្ឋអំណាចពីប្រព័ន្ធអាណានិគម/សក្តិភូមិ បង្កើតឡើងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។ នៅឆ្នាំ ១៩៥៤ បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនវៀតណាមទាំងមូលបានបញ្ចប់ការតស៊ូប្រឆាំងនឹងអាណានិគមនិយម ហើយបានបង្កើតសន្តិភាពឡើងវិញនៅទូទាំងភាគខាងជើង។ រយៈពេល ១៩ ឆ្នាំក្រោយមក នៅឆ្នាំ ១៩៧៥ បក្សកុម្មុយនិស្តវៀតណាមបានសម្រេចបេសកកម្មប្រវត្តិសាស្ត្ររបស់ខ្លួន ដោយរៀបចំប្រជាជនទាំងមូលឱ្យអនុវត្តន៍បុព្វហេតុកសាងសង្គមនិយមនៅភាគខាងជើង និងតស៊ូឯកភាពប្រទេសជាតិ។ រយៈពេល ១០ ឆ្នាំក្រោយមក នៅឆ្នាំ១៩៨៥ បក្ស និងប្រជាជនវៀតណាមទាំងមូលបានជំនះលើផលវិបាកនៃសង្គ្រាម ដោយនាំប្រទេសទាំងមូលឈានចូលទៅក្នុងសម័យអន្តរកាលឆ្ពោះទៅរកសង្គមនិយម។

ពីប្រទេសមួយដែលទទួលរងការហ៊ុំព័ទ្ធ និងត្រូវគេដាក់ឲ្យនៅឯកោនោះ បច្ចុប្បន្ននេះ វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៩៤ ជុំវិញពិភពលោក បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ដៃគូគ្រប់ជ្រុងជ្រោយ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយដៃគូចំនួន ៣១ រួមទាំងប្រទេសទាំងអស់ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងក្រុមប្រទេសដែលមានឧស្សាហកម្មឈានមុខគេលើពិភពលោក (G7)។

យុគសម័យដ៏រុងរឿងក្រោមការដឹកនាំរបស់បក្ស - ảnh 2លោកសាស្ត្រាចារ្យបណ្ឌិត Vu Minh Giang ប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបណ្តុះបណ្តាល សាកលវិទ្យាល័យជាតិហាណូយ។ (រូបថត៖ plo.vn)

វៀតណាមក៏បានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ៤០ នៅលើពិភពលោក ហើយស្ថិតក្នុងចំណោមប្រទេសឈានមុខគេទាំង ២០ លើពិភពលោក ក្នុងការទាក់ទាញការវិនិយោគពីបរទេស និងទំហំពាណិជ្ជកម្មផងដែរ។ ជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ អត្រាគ្រួសារក្រីក្រពហុវិមាត្របានថយចុះយ៉ាងខ្លាំងមកនៅក្រោម ៣%; សម្រេចមុនកាលកំណត់នូវគោលដៅសហស្សវត្សរ៍។ សមិទ្ធិផលថ្មីរបស់ប្រទេសជាតិក្នុងវិស័យសេដ្ឋកិច្ច និងការទូតមានសារៈសំខាន់ខ្លាំង និងកម្រណាស់នៅក្នុងបរិបទពិភពលោកដែលមិនស្ថិតស្ថេរនាពេលបច្ចុប្បន្ន។ លោកសាស្ត្រាចារ្យបណ្ឌិត Vu Minh Giang ប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបណ្តុះបណ្តាល សាកលវិទ្យាល័យជាតិហាណូយ បានឲ្យដឹងថា៖

“ចាប់តាំងពីឆ្នាំ ១៩៤៦ នៅពេលដែលលោកប្រធានហូជីមិញបានសរសេរសំបុត្រជូនគ្រូបង្រៀន និងសិស្សានុសិស្សនៅតាមសាលារៀនក្នុងប្រទេស លោកបានលើកឡើងថា ថ្ងៃណាមួយមិនឆ្ងាយប៉ុន្មានទេ យើងត្រូវប្រកៀកស្មាជាមួយមហាអំណាចលើពិភពលោក។ ការប្រៀបធៀបនោះមិនមែនជាការលើកទឹកចិត្តទេ ប៉ុន្តែជាគោលដៅដែលយើងត្រូវតែសម្រេចបាន”។

យុគសម័យនៃការស្ទុះឈានទៅមុខ

បន្តនូវយុគសម័យដ៏រុងរឿងពីអតីតកាល ក្នុងឱកាសទិវាបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ លោកអគ្គលេខាបក្ស តូ ឡឹម បានប្រកាសយ៉ាងឱឡារិកថា វៀតណាមបានឈានចូលយុគសម័យនៃការស្ទុះឈានទៅមុខ។ សារនេះសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ បង្កើតរបត់ជាប្រវត្តិសាស្ត្រដែលបើកដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រទេសជាតិ។ ក្នុងសន្និបាតលើកទី១០ (ខែកញ្ញា ឆ្នាំ២០២៤) គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ ក៏បានកំណត់ជាឯកច្ឆ័ន្ទថា យុគសម័យថ្មីនឹងចាប់ផ្តើមពីមហាសន្និបាតលើកទី១៤ (ឆ្នាំ២០២៦) របស់បក្សកុម្មុយនិស្តវៀតណាម។

“យុគសម័យថ្មី យុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិវៀតណាម គឺជាយុគសម័យនៃការអភិវឌ្ឍ យុគសម័យនៃវិបុលភាពក្រោមការដឹកនាំ និងការកាន់អំណាចរបស់បក្សកុម្មុយនិស្ត កសាងប្រទេសវៀតណាមសង្គមនិយមប្រកបដោយជោគជ័យ ដែលប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌ ប្រកៀកស្មានឹងមហាអំណាចនៃទ្វីបទាំង៥។ នេះជាបំណងប្រាថ្នារបស់លោកប្រធានហូជីមិញកាលនៅរស់ និងជាគោលដៅដែលយើងត្រូវតែខិតខំឆ្ពោះទៅរក”។

យុគសម័យស្ទុះឈានទៅមុខក៏ជាដំណាក់កាលដែលបដិវត្តន៍វៀតណាមពន្លឿនល្បឿនដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំក្រោមការដឹកនាំរបស់បក្ស បង្កើតមូលដ្ឋានរឹងមាំដើម្បីសម្រេចបាននូវគោលដៅ ១០០ ឆ្នាំនៃការបង្កើតប្រទេសជាតិ។

ប្រទេសជាតិឈានចូលនិទាឃរដូវ។ បក្សកុម្មុយនិស្តវៀតណាមក៏ឈានចូលវ័យ ៩៥ឆ្នាំដែរ។ ក្នុងអំឡុងពេលជិតមួយសតវត្សកន្លងមកនេះ ក្រោមការដឹកនាំរបស់បក្ស ប្រជាជនវៀតណាមបានសរសេរទំព័រប្រវត្តិសាស្ត្រជាតិដ៏រុងរឿង ជាមួយនឹងសមិទ្ធិផលដែលពិភពលោកទាំងមូលបានទទួលស្គាល់។ សព្វថ្ងៃនេះ បេសកកម្មប្រវត្តិសាស្ត្រ បន្តដាក់លើស្មារបស់បក្សកុម្មុយនិស្តវៀតណាម នូវទំនួលខុសត្រូវដឹកនាំប្រទេសជាតិឆ្ពោះទៅរកវិបុលភាព និងអរិយធម៌។ ហើយបេសកកម្មនោះនឹងទទួលបានជោគជ័យដោយការស្រុះចិត្តគំនិតរបស់ប្រជាជាតិទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ