នេះគឺជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បន្ទាប់ពីវៀតណាមបានរៀបចំរួចជាស្រេចតំណែងថ្នាក់ដឹកនាំនៅក្នុងសម័យប្រជុំលើកទីមួយនៃរដ្ឋសភានីតិកាលទី ១៦។ ទន្ទឹមជាមួយគ្នានោះ នេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោកតូ ឡឹម ទៅកាន់ប្រទេសចិន បន្ទាប់ពីមហាសន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម។

ដំណើរទស្សនកិច្ចនេះគឺជាសកម្មភាពការទូតទ្វេភាគីដ៏សំខាន់បំផុតរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ វៀតណាមនិងចិននៅឆ្នាំនេះ ធ្វើឲ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ចិន-វៀតណាម ដែលមានអនាគតរួមគ្នា ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រនៅក្នុងដំណាក់កាលថ្មី។

កំណត់យុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងវៀតណាម-ចិនក្នុងដំណាក់កាលថ្មី

ឆ្នាំ២០២៦ គឺជាការចាប់ផ្តើមដំណាក់កាលអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរយៈពេលប្រាំឆ្នាំលើកទី ១៥ របស់ចិន (២០២៦-២០៣០) ជាមួយនឹងគោលដៅធំៗជាច្រើន។ ក្នុងពេលជាមួយគ្នានោះ វៀតណាមទើបដំណើរការមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងបានបោះឆ្នោតជ្រើសរើសរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិថ្មី (២០២៦-២០៣១) ដោយបានសុក្រិតក្បាលម៉ាស៊ីនដឹកនាំរដ្ឋ និងឈានចូលដល់យុគសម័យថ្មី។ ដូច្នេះ ការដែលថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពីរនៃបក្សទាំងពីរនិងរដ្ឋទាំងពីរបានជួបគ្នា ផ្លាស់ប្តូរទស្សនៈលើទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងរួមរវាងប្រទេសទាំងពីរ គឺមានអត្ថន័យសំខាន់ខ្លាំងណាស់។ អនុរដ្ឋមន្ត្រីក្រសួងការបរទេស ង្វៀន មិញ វូ បានឲ្យដឹងថា៖ “ដោយឈរលើទិសដៅសំខាន់ៗ ភាគីទាំងពីរនឹងបន្តបង្កើតរបកគំហើញថ្មីៗ នៅក្នុងវិស័យសហប្រតិបត្តិការជាក់ស្តែង ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងអាជីវកម្មនៃភាគីទាំងពីរ ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ កិច្ចសហប្រតិបត្តិការអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ បណ្តុះបណ្តាល និងនវានុវត្តន៍។ ទាំងនេះគឺជាវិស័យដែលយើងបានឃើញការអភិវឌ្ឍដ៏លេចធ្លោនាពេលថ្មីៗនេះ។ លើកនេះ ភាគីទាំងពីរនឹងពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ដើម្បីដោះស្រាយឧបសគ្គ និងការលំបាក ដើម្បីបន្តបង្កើតសន្ទុះថ្មី”

ក្នុងពេលជាមួយគ្នានោះ សាស្ត្រាចារ្យ Qu Qiang នៃសាកលវិទ្យាល័យជនជាតិមជ្ឈិមរបស់ចិនបានវាយតម្លៃថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ទៅកាន់ ចិន បានលើសពីវិសាលភាពនៃដំណើរទស្សនកិច្ចធម្មតា ដែលបង្ហាញថា អន្តរកម្មរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ បានចូលដល់ដំណាក់កាលប្រវត្តិសាស្ត្រថ្មីមួយ កាន់តែស៊ីជម្រៅនិងស្ថិតក្នុងកម្រិតខ្ពស់ជាង៖ “ជាមួយនឹងដំណើរទស្សនកិច្ចនេះ យន្តការនៃជំនួបប្រចាំឆ្នាំត្រូវបានបង្កើតឡើងជាជំហានដំបូង។ ប្រការនេះបង្ហាញថា យន្តការទំនាក់ទំនងរវាងចិននិងវៀតណាម រវាងបក្សកុម្មុយនិស្តចិននិងបក្សកុម្មុយនិស្តវៀតណាម ក្នុងនាមជាប្រទេសបងប្អូនពីរ និងបក្សពីរ ត្រូវបានបង្កើតឡើងជាមូលដ្ឋាន។ ខ្ញុំគិតថា នេះគឺជាការបកស្រាយដ៏សំខាន់មួយ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ហើយនេះក៏ជាសញ្ញាសម្គាល់មួយដែលបង្ហាញថា ជំនួបរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ មិនត្រឹមតែមានសារៈសំខាន់ទ្វេភាគី និងតំបន់ប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យសកលទៀតផង”

បើកចេញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងជាក់ស្តែងជាង

ក្នុងរយៈពេលកន្លងមកនេះ កិច្ចសហប្រតិបត្តិការវៀតណាម-ចិន បានឈានដល់ជំហានថ្មី ច្បាស់លាស់ និងទូលំទូលាយ ជាមួយនឹងចំណុចភ្លឺជាច្រើន ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវិនិយោគ។ កំណែទម្រង់ដ៏ខ្លាំងក្លា និងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍរបស់វៀតណាមនាពេលថ្មីៗនេះ កំពុងផ្ញើសញ្ញាច្បាស់លាស់ទៅកាន់វិនិយោគិនបរទេសនិយាយរួម និងអាជីវកម្មចិននិយាយដោយឡែក អំពីប្រទេសវៀតណាម ដែលកំពុងទម្លុះទម្លាយ និងធ្វើសមាហរណកម្មកាន់តែបើកទូលាយ ជាមួយនឹងសក្តានុពលសហប្រតិបត្តិការបើកចំហជាច្រើន។ ដូច្នេះ ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម កាន់តែពង្រឹងទំនុកចិត្ត និងការប្តេជ្ញាចិត្តរបស់អាជីវកម្មចិនបន្ថែមទៀត។ លោក Yu Yanzhong ប្រធាន និងជាអគ្គលេខាធិការនៃ CETC Think Tank បានឲ្យដឹងថា៖ “យើងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចនេះយ៉ាងខ្លាំង។ ឥឡូវនេះ មានក្រុមហ៊ុនសមាជិករបស់យើងកាន់តែច្រើនឡើងៗ ចង់វិនិយោគនៅវៀតណាម។ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែជួយពង្រឹងទំនុកចិត្តរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងជួយយើងឱ្យយល់កាន់តែច្បាស់អំពីវៀតណាមផងដែរ។ យើងបានកំណត់តំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសវៀតណាម ជាចំណុចកណ្តាលរបស់យើងសម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខ។ យើងក៏មានគម្រោងនាំក្រុមហ៊ុនសមាជិករបស់យើងមកកាន់ប្រទេសវៀតណាមសម្រាប់ការស្ទង់មតិនៅឆ្នាំនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី”។

ប្រព្រឹត្តទៅក្រោយ១​ឆ្នាំ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីងមកកាន់វៀតណាម ហើយដំណើរទស្សនកិច្ចនៅចិនលើកនេះរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមតូ ឡឹម បង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹមផ្ទាល់ ក៏ដូចជារបស់បក្ស និងរដ្ឋវៀតណាម ចំពោះទំនាក់ទំនងទ្វេភាគីវៀតណាម និងចិន។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសចិន លោក ហ្វាម ថាញ់ ប៊ិញ បានបញ្ជាក់ថា៖ “ដំណើរទស្សនកិច្ចនេះរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម បង្កប់ដោយអត្ថន័យសំខាន់ជាប្រវត្តិសាស្ត្រ ហើយត្រូវបាន រំពឹងថា នឹងបង្កើតសន្ទុះបន្ថែមទៀត បើកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការ និងនាំទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរឱ្យបន្តអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព តម្លាភាព និងចីរភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក”។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម មិនត្រឹមតែជាសកម្មភាពការទូតកម្រិតខ្ពស់ដែលមានលក្ខណៈជាពិធីការប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានដ៏សំខាន់ជាយុទ្ធសាស្ត្រមួយក្នុងការកំណត់អនាគតនៃទំនាក់ទំនងវៀតណាម-ចិនផងដែរ។ នៅក្នុងបរិបទនៃពិភពលោកដែលមានភាពប្រែប្រួល ការពង្រឹងទំនុកចិត្តផ្នែកនយោបាយ ការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការគ្រប់គ្រងការខ្វែងគំនិតគ្នាប្រកបដោយប្រសិទ្ធភាពបង្ហាញថា ប្រទេសទាំងពីរកំពុងខិតខំរក្សាគន្លងដែលមានស្ថិរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ប្រការនេះមិនត្រឹមតែជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកដល់សន្តិភាព ស្ថិរភាព និងតុល្យភាពជាយុទ្ធសាស្ត្រនៅក្នុងតំបន់ទៀតផង៕