ទាក់ទងនឹងអត្ថន័យនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ចិនរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម លោកអនុរដ្ឋមន្ត្រី ង្វៀន មិញវូ បានឲ្យដឹងថា នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក្នុងឋានៈជាមេដឹកនាំខ្ពស់បំផុតរបស់បក្ស និងរដ្ឋ ដែលប្រព្រឹត្តទៅមួយឆ្នាំបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់វៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង (ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥) ព្រមទាំងក៏ជាលើកទីបីហើយក្នុងរយៈពេលតិចជាងពីរឆ្នាំ ដែលមេដឹកនាំខ្ពស់បំផុតទាំងពីររូបនៃបក្សទាំងពីរ និងប្រទេសទាំងពីរធ្វើដំណើរទស្សនកិច្ចទ្វេភាគី។
លោកអនុរដ្ឋមន្ត្រី ង្វៀន មិញវូ បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះគឺជាឱកាសដ៏សំខាន់ដើម្បីលើកកម្ពស់ការតភ្ជាប់យុទ្ធសាស្ត្រ និងបង្កើតកំពស់ថ្មីមួយសម្រាប់ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ មេដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរនឹងរួមគ្នាកំណត់ទិសដៅថ្មីៗ និងរបកគំហើញថ្មីៗក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ កិច្ចសហប្រតិបត្តិការលើខ្សែសង្វាក់ផ្គត់ផ្គង់ ខ្សែសង្វាក់ផលិតកម្ម ការអប់រំនិងបណ្តុះបណ្តាល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ខិតខំប្រឹងប្រែងសម្រេចគោលដៅ និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍នៃប្រទេសនីមួយៗ។ ដំណើរទស្សនកិច្ចនឹងរួមចំណែកពង្រឹងទំនុកចិត្តនយោបាយ ជំរុញដំណោះស្រាយសម្រាប់ភាពខុសប្លែកគ្នានិងឧបសគ្គមួយចំនួន បង្កើនការជួបប្រាស្រ័យប្រជាជន និងកិច្ចសហប្រតិបត្តិការមូលដ្ឋាន ពីនោះរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានស្ថិរភាព និងចីរភាព រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងលើពិភពលោក៕
