នៅក្នុងសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរបានសង្កត់ធ្ងន់លើផលប្រយោជន៍រួម ការគោរពគ្នាទៅវិញទៅមក និងការតភ្ជាប់ប្រវត្តិសាស្ត្រជាមូលដ្ឋានគ្រឹះនៃភាពជាដៃគូទ្វេភាគី។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាធ្វើ​ឱ្យស៊ីជម្រៅថែមទៀតនូវ​កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យជាច្រើន។ តាមនោះ ទាក់ទងនឹងទំនាក់ទំនងនយោបាយ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា និងជំរុញការផ្លាស់ប្តូរ​រវាង​ប្រជាជននិងប្រជាជន ខណៈពេលដែលលើកទឹកចិត្តដល់ការបង្កើត​ក្របខ័ណ្ឌនៃ​កិច្ចសហប្រតិបត្តិការរវាង​មូលដ្ឋាន ក្រសួង និងវិស័យ​នានា​នៃប្រទេសទាំងពីរ ស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសនីមួយៗ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងសកលលោក ភាគីទាំងពីរបានសង្កត់ធ្ងន់​លើតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ និងសារៈសំខាន់នៃការរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ​; ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទំនាក់ទំនង EU -វៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទំនាក់ទំនងប៉ូឡូញ-អាស៊ាន និងក្នុងក្របខ័ណ្ឌទំនាក់ទំនងអាស៊ាន-EU។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS ១៩៨២) គាំទ្រ​គោលការណ៍​នៃការដោះស្រាយជម្លោះដោយសន្តិវិធី និងប្រឆាំងជំទាស់យ៉ាង​ដាច់ខាតចំពោះការប្រើប្រាស់កម្លាំង ឬការគំរាមកំហែង​ប្រើប្រាស់កម្លាំងដែលផ្ទុយនឹងច្បាប់​អន្តរជាតិ។ ភាគីទាំងពីរបានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ ដើម្បីបង្កើតក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ជាក់​ស្តែង និង​ស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS ១៩៨២​៕