នារពេលសៀលមួយនៅលើវិថី Hang Dao សង្កាត់ Hoan Kiem ទីក្រុងហាណូយ លោកស្រី Sophia Miller ភ្ញៀវទេសចរម្នាក់មកពីប្រទេសកាណាដាបានឈរនៅមុខហាងលក់វត្ថុអនុស្សាវរីយ៍មួយ ជ្រើសរើសរបស់របរតូចៗ រួច ទាញទូរស័ព្ទដៃចេញ ជំនួសឱ្យកាបូបលុយ។ ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ បន្ទាប់ពីស្កេនលេខកូដ QR ការទូទាត់ត្រូវបានបញ្ចប់រួចរាល់។ មិនត្រូវការប្រាក់រាយ មិនចាំបាច់ប្តូរប្រាក់ និងមិនចាំបាច់ព្រួយបារម្ភអំពីអត្រាប្តូរប្រាក់នោះទេ។លោកស្រីបានចែករំលែក៖ «ខ្ញុំបានធ្វើដំណើរទេសចរណ៍ទៅកាន់ប្រទេសចំនួនពីរនៅក្នុងតំបន់អាស៊ី ហើយខ្ញុំមានអារម្មណ៍ថា វាពិតជាមានភាពស្មុគស្មាញនិងពិបាកខ្លាំងណាស់ នៅពេលដែលត្រូវកាន់សាច់ប្រាក់តាមខ្លួនជានិច្ច។ ប៉ុន្តែឥឡូវនេះ ខ្ញុំមានជម្រើសថ្មីមួយគឺការទូទាត់តាមរយៈការស្កែនកូដ QR ដែលជួយឱ្យដំណើររកម្សាន្តរបស់ខ្ញុំកាន់តែមានភាពងាយស្រួលជាងមុន»។
លោកស្រី Hoang Thi Luong អ្នកលក់វត្ថុអនុស្សាវរីយ៍នៅតាមវិថី Hang Dao ក្នុងទីក្រុងហាណូយ បានឱ្យដឹងថា នាពេលកន្លងមកនេះ ចំនួនអ្នកទេសចរអន្តរជាតិដែលបង់ប្រាក់ដោយស្កែនលេខកូដ QR បានកើនឡើងគួរឱ្យកត់សម្គាល់។
«កាលពីមុន ភ្ញៀវទេសចរមកពីកូរ៉េខាងត្បូង ចិន ថៃ និងកម្ពុជា ជាធម្មតាបង់ប្រាក់ជាមួយសាច់ប្រាក់ ឬឆូតកាតឥណទាន។ ពេលខ្លះ នៅពេលដែលអតិថិជនបងប្រាក់ជារូបិយប័ណ្ណបរទេសដែលមានតម្លៃធំៗ ពួកគេត្រូវរង់ចាំយ៉ាងយូរដើម្បីទទួលបានប្រាក់អាប់វិញ។ ឥឡូវនេះ ពួកគេគ្រាន់តែស្កេនលេខកូដ QR ដើម្បីអាចទូទាត់ភ្លាមមួយរំពិច។ ការទូទាត់មិនប្រើសាច់ប្រាក់ មិនត្រឹមតែធ្វើឱ្យការទូទាត់លឿនជាងប៉ុណ្ណោះទេ ថែមទាំងអនុញ្ញាតឱ្យអ្នកទេសចរអាចចំណាយយ៉ាងងាយស្រួលជាង ដោយមិនចាំបាច់ព្រួយបារម្ភពីរឿងប្តូរប្រាក់ទៀតហើយ។ ភ្ញៀវទេសចរជាច្រើនបានទិញទំនិញបន្ថែមទៀត ពីព្រោះពួកគេមិនចាំបាច់គិតគូរថា តើនៅសល់សាច់ប្រាក់ប៉ុន្មាននៅក្នុងកាបូបឡើយ»។
ចាប់ពីហាងលក់ទំនិញតូចៗនៅក្នុងវិថីបុរាណរបស់ទីក្រុងហាណូយ រហូតដល់សេវាកម្មដឹកជញ្ជូននិងស្នាក់នៅ មិនមែនជារឿងចម្លែកទេដែលឃើញភ្ញៀវទេសចរបរទេសស្កេនលេខកូដ QR និងបង់ប្រាក់ដោយប្រើប្រាស់កម្មវិធីធនាគាររបស់ប្រទេសខ្លួន ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ យោងតាមរបាយការណ៍ e-Conomy SEA ២០២៥ តម្លៃនៃការទូទាត់តាមអ៊ីនធឺណិតសរុបនៅវៀតណាមត្រូវបានប៉ាន់ប្រមាណមានចំនួន ៤ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦% ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ ពីវិធីសាស្រ្តទូទាត់បែបប្រពៃណីទៅជាបរិយាកាសឌីជីថល។ ទិន្នន័យពីវេទិកាអន្តរការី Payoo បានបង្ហាញថា នាប៉ុន្មានខែចុងឆ្នាំ ២០២៥ ការទូទាត់មិនប្រើសាច់ប្រាក់ពីភ្ញៀវទេសចរអន្តរជាតិនៅវៀតណាមបានកើនឡើងជាមធ្យមប្រហែល ១០% ក្នុងមួយខែ។
យោងតាមលោក Nguyen Dang Hung អគ្គនាយករងនៃសាជីវកម្មទូទាត់ជាតិវៀតណាម (NAPAS) កាលពីមុន វិធីទូទាត់ប្រាក់បែបប្រពៃណីគឺជាឧបសគ្គចំពោះអ្នកទេសចរដែលមកទស្សនាប្រទេសវៀតណាម។ ប៉ុន្តែឥឡូវនេះ ការទូទាត់ដោយផ្ទាល់ពីគណនីធនាគារ ឬកាបូបអេឡិចត្រូនិចបានជួយសម្រួលដល់ភ្ញៀវទេសចរបរទេស ជំរុញតម្រូវការទិញទំនិញនៅពេលមកកាន់វៀតណាម។
«នៅតាមបណ្តាប្រទេស អតិថិជនតែងតែប្រើប្រាស់កម្មវិធីធនាគារតាមទូរស័ព្ទ (mobile banking) ក៏ដូចជាកាបូបអេឡិចត្រូនិក ហើយពួកគេស្កែនកូដ QR ដើម្បីទូទាត់ការចំណាយជាធម្មតា។ នៅពេលមកដល់វៀតណាម ពួកគេក៏អនុវត្តតាមជំហានស្កែនកូដទូទាត់ដូចគ្នាដែរ។ ដូចនេះ បទពិសោធន៍ប្រើប្រាស់គឺស្ទើរតែមានភាពរលូន និងគ្មានអ្វីខុសប្លែកគ្នារវាងប្រទេសរបស់ពួកគេ និងប្រទេសវៀតណាមនោះទេ»។
ក្រៅពីភាពងាយស្រួល ការទូទាត់ដោយមិនប្រើសាច់ប្រាក់ក៏រួមចំណែកបង្កើនតម្លាភាពផងដែរ។ តម្លៃត្រូវបានរាយបញ្ជីយ៉ាងច្បាស់លាស់ ព័ត៌មាននៃការទូទាត់ត្រូវបានតាមដាន តាមនោះ ពង្រឹងទំនុកចិត្តរបស់អ្នកទេសចរលើសេវាកម្មក្នុងស្រុក។ ប្រការនេះ បង្ខំឱ្យសហគ្រាសទេសចរណ៍ត្រូវសម្របខ្លួនយ៉ាងសកម្ម ចាប់ពីការអនុវត្តលេខកូដ QR ក្នុងការទូទាត់សម្រាប់ដំណើរកម្សាន្ត និងសេវាកម្មបន្ថែម រហូតដល់ការបណ្តុះបណ្តាលបុគ្គលិក និងណែនាំអតិថិជនអំពីការប្រើប្រាស់កម្មវិធីទូទាត់ឆ្លងដែន។
លោកស្រី ង្វៀន តាំអាន ម្ចាស់ប្រព័ន្ធសណ្ឋាគារនិងការិយាល័យទេសចរណ៍មួយ បានឱ្យដឹងថា៖ «នៅពេលដែលសណ្ឋាគារទទួលយកវិធីសាស្រ្តទូទាត់ជាច្រើន ភ្ញៀវអន្តរជាតិមានអារម្មណ៍ងាយស្រួលនិងមានសុវត្ថិភាពជាងមុនក្នុងការកក់បន្ទប់ស្នាក់នៅនិងដំណើរកម្សាន្តនានា។ ប្រការនេះ ជួយពួកយើងឱ្យទទួលបានក្រុមអតិថិជនផ្សេងៗគ្នាកាន់តែច្រើន។ នៅសណ្ឋាគារនេះ ក្រៅពីការទូទាត់ដោយផ្ទាល់នៅបញ្ជរ យើងក៏ប្រើប្រាស់ដំណោះស្រាយ payment link របស់ 9Pay ដើម្បីផ្ញើទៅអតិថិជនផងដែរ។ នៅពេលដែលភ្ញៀវកក់បន្ទប់តាមរយៈអ៊ីមែល និងបណ្តាញ់សង្គម ពួកគេគ្រាន់តែបើក link ហើយបង់ប្រាក់តាមកាត ឬវិធីសាស្រ្តទូទាត់តាមអ៊ីនធឺណិតដោយផ្ទាល់នៅលើទូរស័ព្ទបានយ៉ាងងាយស្រួល»។
នៅក្នុងយុគសម័យឌីជីថល គុណសម្បត្តិប្រកួតប្រជែងនៃទេសចរណ៍មិនត្រឹមតែស្ថិតនៅក្នុងធនធាន ឬការផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅក្នុងសមត្ថភាពរៀបចំលំហូរសាច់ប្រាក់ ទិន្នន័យ និងការប្រើប្រាស់ឱ្យបានរលូន។ នៅប្រទេសវៀតណាម លេខកូដ QR លែងគ្រាន់តែជាឧបករណ៍ទូទាត់ទៀតហើយ ប៉ុន្តែកំពុងក្លាយជាផ្នែកមួយនៃប្រតិបត្តិការទេសចរណ៍ទីក្រុងទំនើបទៀតផង៕
